ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជិត ២០ ម៉ឺននាក់ ចូលរួមពិធីបុណ្យអុំទូក នៅខេត្តប៉ៃលិន
លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា រយៈពេល ៣ ថ្ងៃ គឺ ថ្ងៃទី ១៤/១៥/១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកដើរលេងកម្សាន្តក្នុងខេត្តប៉ៃលិន សរុបចំនួន ១៨៥,៥០៨ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ដែលមានចំនួនសរុប ៥២,៣៦១ នាក់ កើនឡើងចំនួន ២៧៣,៣៨%។

ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៨,០៤១ នាក់ ប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ ២០២៣ ដែលមានចំនួន ៤៩,១១៦ នាក់ កើនឡើងចំនួន ៣៦២,៤៩% និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៤៦៧ នាក់ ប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរអន្តរជាតិឆ្នាំ ២០២៣ ដែលមានចំនួន ៣,២៤៤ នាក់ កើនឡើងចំនួន ១៣០,១៧%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ដោយមានការគិតគូរខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បើទោះបីជាខេត្តប៉ៃលិន មិនមានដងស្ទឹង ឬទន្លេ ដែលអាចអុំទូកបាន ឬបញ្ជូនកីឡាអុំទូក ទៅប្រកួតប្រណាំងនៅរាជធានីភ្នំពេញក៏ដោយ ក៏រដ្ឋបាលខេត្ត បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ បានអធិកអធម ដូចជាការរៀបចំតុបតែងខ្លោងទ្វារ ទង់ បដា ប្រទីប ភ្លើងបំភ្លឺចម្រុះពណ៌ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ និងការប្រគំតន្ត្រីខ្នាតធំមានតារាចម្រៀងល្បីមកពីរាជធានីភ្នំពេញ ព្រមទាំងផ្តល់ជូននូវម្ហូបអាហារ នំចំណី និងភេសជ្ជៈ ដោយឥតគិតថ្លៃផងដែរ ដើម្បីចូលរួមអបអរសាទរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តក្នុងខេត្តផងដែរ ជាពិសេសការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជាការរំលឹកគុណចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី ១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី ៧ ពីឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃ គ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម ហើយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈទាំង ៣ រាត្រី ផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ





















-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


