Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌកំបូល ឱ្យមន្ត្រីចុះណែនាំអាជីវករលក់ដូរតាមដងផ្លូវជាតិលេខ ៤ វេចខ្ចប់ទុកដាក់សំរាមត្រឹមត្រូវ

បានផុស

នៅ

កាលពី​ល្ងាច​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ មន្ត្រី​ការិយាល័យ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះ​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម ឱ្យ​បាន​ត្រឹមត្រូវ បន្ទាប់ពី​លក់ដូរ​រួច តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ស្ថិត​ក្នុង​ភូមិ​ស្ងួន​ពេជ្រ និង​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ​ថា កន្លងមក នា​វេលា​ម៉ោង ៤ ល្ងាច កម្មករ​រោងចក្រ​ចេញពី​ធ្វើការ អាជីវករ​ដែល​លក់ដូរ​ម្ហូបអាហារ និង​នំចំណី តែងតែ​មក​ដាក់​លក់។ នៅ​ពេល​លក់ដូរ​រួចរាល់ តែងតែ​បន្សល់​ទុក​សំរាម គ្មាន​របៀបរៀបរយ ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព និង​បរិស្ថាន។ ក្នុង​នោះ ដោយ​មើល​ឃើញ​ដូចនេះ ក្រុមការងារ ក៏បាន​ពន្យល់​ណែនាំ​ឱ្យ​អ្នក​លក់ដូរ​រួច សូម​ជួយ​វេច​ខ្ចប់​កាក​សំណល់​ថង់​សំរាម ឱ្យ​បាន​ត្រឹមត្រូវ កុំ​នៅ​ពេល​លក់ដូរ​រួច​ចេញ​ទៅ​បាត់ សល់​សំរាម​ពាសពេញ​ដី ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​តាម​ដង​ផ្លូវ។

ជាមួយ​គ្នា​នោះ ក្រុម​ការងារ​របស់​លោក​អភិបាល​ខណ្ឌ​កំបូល ក៏បាន​ណែនាំ​ដល់​កម្មករ-កម្មការិនី នៅ​ពេល​អង្គុយ​រង់ចាំ​រថយន្ត ឬ រ៉ឺម៉ក មក​ដឹក​ទៅ​កន្លែង​ស្នាក់នៅ ដែល​ទិញ​នំចំណី​មក​ពិសា សូម​ជួយ​ប្រមូល​វេច​ខ្ចប់​ទុក​ដាក់​សំរាម​ឱ្យ​ត្រឹមត្រូវ និង​ជួយ​ផ្សព្វផ្សាយ​ដល់​កម្មករ​ផ្សេងទៀត ឱ្យ​ទទួល​ជ្រាប​ពី​ការ​ណែនាំ​អនាម័យ-បរិស្ថាន​នេះ​ផង។

លោក ទុយ សុជាតិ អនុប្រធាន​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌ​កំបូល បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ដោយ​ទទួល​បាន​ការ​ណែនាំ​ពី​សំណាក់ លោក ឃឹម ស៊ុនសូដា បាន​ចាត់តាំង​រូបលោក ដឹកនាំ​មន្ត្រី​ការិយាល័យ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ ត្រូវ​វិច​ខ្ចប់ និង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ បន្ទាប់ពី​លក់ដូរ​រួច ដើម្បី​ងាយស្រួល​ពេល​រថយន្ត​ដឹក​សំរាម​មក​ប្រមូល​ដឹក​ចេញ។

លោក​អភិបាល​ខណ្ឌ ក៏បាន​បញ្ជាក់​ថា ការ​ចុះ​ណែនាំ​នេះ ក្នុង​គោលបំណង​ឱ្យ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ មាន​សណ្ដាប់ធ្នាប់ អនាម័យ​ល្អ បរិស្ថាន​ស្អាត និង​សូម​ឱ្យ​អាជីវករ​លក់ដូរ កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ ជួយ​ផ្សព្វផ្សាយ​តៗ គ្នា យល់ដឹង​ឱ្យ​កាន់តែ​ច្រើន ព្រោះថា​អនាម័យ​ល្អ បរិស្ថាន​ស្អាត នាំ​មក​នូវ​សុខភាព​ល្អ។ បរិស្ថាន​ស្អាត ផ្ដើម​ចេញ​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា «យើង​ទាំងអស់​គ្នា ចូលរួម​លុបបំបាត់​ការ​ចោល​សំរាម​រាយប៉ាយ»៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម