ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ថ្លែងការសាទរចំពោះអង្គការកូដូខ្មែរ ដែលចូលរួមចំណែកជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងការសាទរចំពោះអង្គការកូដូខ្មែរ ដែលបានចូលរួមចំណែកជួយលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការសាទរបែបនេះ ខណៈពេលអនុញ្ញាតឲ្យ លោក អាំង ពិទូរ្យ ប្រធានអង្គការកូដូខ្មែរ ដឹកនាំគណៈប្រតិភូអេកូទេសចរណ៍ និងទេសចរណ៍សាមគ្គី នៃក្រុមហ៊ុនអគ្គិសនីជាតិបារាំង ចូលជួបសម្តែងការគួរសម និងពិសាអាហារសាមគ្គីនៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ លោក អាំង ពិទូរ្យ និងថ្លែងអំណរគុណចំពោះប្រតិភូជនរបស់ប្រទេសបារាំង ដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សាស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដោយបានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួន ផ្លាស់ប្ដូរ និងស្វែងយល់ពីគ្នាទៅវិញទៅមកអំពីប្រពៃណី និងការសម្របខ្លួនរស់នៅតាមជនបទ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់ប្រតិភូបន្តប្រពៃណីចុះមកជួបជាមួយប្រជាពលរដ្ឋខ្មែរឲ្យបានញឹកញាប់ ដើម្បីផ្សារភ្ជាប់អំពីទំនាក់ទំនង និងសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ តាមរយៈសកម្មភាពទាំងនេះ ក៏បានបង្ហាញអំពីការចូលរួមចំណែករបស់អង្គការកូដូខ្មែរ ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។

គោលបំណងរបស់ប្រតិភូ គឺជាការសិក្សាស្វែងយល់អំពីការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទ និងសិក្សាស្វែងយល់បន្ថែមអំពីប្រាសាទបុរាណខ្មែរដែលជាមរតក និងស្នាដៃរបស់ដូនតា បុព្វបុរសខ្មែរបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ១៥ ថ្ងៃនេះ មានសមាជិកជនជាតិបារាំង ចំនួន ១៥ នាក់ និងសមាជិកសម្របសម្រួលជនជាតិខ្មែរចំនួន ៥ នាក់។ ប្រតិភូក៏បានធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ខេត្តព្រះវិហា ខេត្តសៀមរាប និងខេត្តកំពត។ ក្នុងនោះ ក៏បានជួយឧបត្ថម្ភជា សម្ភារៈសិក្សា និងសម្ភារៈកីឡាជូនដល់បឋមសិក្សាតាសួស ខេត្តស្វាយរៀង និងបឋមសិក្សា សំរោងជ័យសែន ខេត្តព្រះវិហា និងបានចូលរួមជាមួយប្រជាពលរដ្ឋក្នុងការស្ទូងស្រូវ ច្រូតស្រូវ ដាល់អំបុក និង រស់នៅជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានទាំងនោះ។ ជាការកត់សម្គាល់តាមរយៈ លោក Herve Fracullier សមាជិកម្នាក់ក្នុងចំណោមប្រតិភូ ក៏បានបង្ហាញអំពីអារម្មណ៍ផ្ទាល់ខ្លួន ដោយបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរពិតជាស្លូតបូត សុភាពរាបសារ រាក់ទាក់ បង្ហាញពីអំពើល្អ ចេះជួយយកអាសាគ្នា និងតែងតែផ្តល់នូវស្នាមញញឹមជានិច្ច ដែលសកម្មភាពទាំងនេះបានធ្វើឲ្យសមាជិកប្រតិភូរបស់ប្រទេសបារាំងនៅតែចងចាំដក់ជាប់ក្នុងចិត្ត និងចង់មកកម្ពុជាម្តងហើយម្តងទៀត និងជួយផ្សព្វផ្សាយអំពីវប្បធម៌របស់កម្ពុជាជូនដល់ប្រជាពលរដ្ឋបារាំង ក្នុងការមកទស្សនកិច្ចកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ផែរ ហុកឈួន និង អ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ក៏បានឧបត្ថម្ភនូវគ្រាប់ស្វាយចន្ទីក្រៀមដែលជាផលិតផលកូនខ្មែរជូនសមាជិក-សមាជិកាដែលចូលរួមទាំង ២០ នាក់ ផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ប្រតិភូទាំងអស់ ទទួលបានការស្នាក់នៅ និងទទួលទានអាហារប្រកបដោយផាសុកភាព និងរីករាយចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការធ្វើដំណើរត្រលប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ ៖ វិមាន






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


