ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ថា កម្ពុជាមិនគាំទ្រឡើយនូវយុទ្ធសាស្រ្តបម្រើឱ្យការប្រឆាំងគ្នាក្នុងតំបន់
ខណៈលេចឡើងយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្ដើមចម្រុះពីប្រទេសជាច្រើន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងគាំទ្រចំពោះយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងឡាយណាដែលបម្រើឱ្យកិច្ចសហប្រតិបត្តិការដើម្បីសុខសន្តិភាពតំបន់ ដោយមិនគាំទ្រឡើយចំពោះយុទ្ធសាស្រ្តដែលបម្រើឱ្យការប្រឆាំងគ្នា។

ការបញ្ជាក់នេះ ក្នុងឱកាសសម្ដេចតេជោ ទទួលជួបពិភាក្សាការងារជាមួយលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានជជែកគ្នាច្រើនអំពីបញ្ហាសន្តិសុខក្នុងតំបន់ ខណៈស្ថានភាពកាន់តែមានភាពតានតឹង។
លោក អាគីបា តាខេអូ បានជម្រាបសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ បើតាមមន្ត្រីជប៉ុនរូបនេះ យុទ្ធសាស្រ្តនេះ នឹងផ្តោតទៅលើការពង្រឹងកិច្ចសន្ទនាបែបស្ថាបនាជាមួយប្រទេសដៃគូ និងប្រទេសមហាអំណាចធំៗ ពិសេសជាមួយប្រទេសចិនតែម្ដង។ ទីប្រឹក្សាសន្តិសុខជាតិជប៉ុន បានទទួលស្គាល់ថា បើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា ពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។

លោក បន្តថា ក្នុងបរិបទនេះ ជប៉ុនបានជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានា ដើម្បីស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ឆ្លើយតបនឹងការលើកឡើងរបស់ភាគីជប៉ុន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេច និងការបន្តការអភិវឌ្ឍសង្គមជាតិ។ ការពិនិត្យឡើងវិញយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន សម្តេចតេជោ ថា មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាទេ ព្រោះប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះឡើយ»។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ ខណៈប្រទេសជាច្រើនក្នុងតំបន់បានចាត់ទុកជប៉ុន ជាដៃគូល្អ និងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពមជ្ឈភាពអាស៊ាន។ ក្នុងន័យនេះ សម្តេចតេជោលើកឡើងពីការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។

ប៉ុន្តែ ដោយសារមានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗមកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ទៅកាន់ភាគីជប៉ុនដែរថា កម្ពុជានឹងគាំទ្ររាល់យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមនានា ដែលបម្រើឱ្យសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា។ ម្យ៉ាងវិញទៀត យុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមទាំងនោះ មិនត្រូវបានប្រើជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និងត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ ក្នុងស្មារតីនេះ សម្ដេចតេជោ ប្រាប់ជប៉ុន ថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តផ្នែកនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពក្នុងតំបន់ ដែលកាន់តែមានភាពតានតឹង សម្តេចតេជោ បានលើកឡើងថា គឺដោយសារការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ពោលគឺប្រណាំងផ្នែកសព្វាវុធតែម្ដង។ បរិបទនេះ សម្តេចតេជោ បានលើកទឹកចិត្តឱ្យមានកិច្ចសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


