ព័ត៌មានជាតិ
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
ប្រជាកសិករនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលប្រកបរបរដាំដំឡូងមី កំពុងតែប្រឈមនិងតម្លៃដំឡូងមី ខណះតម្លៃដំឡូងមីបច្ចុប្បន្ន ក្នុងស្រុកបាណន់បានធ្លាក់ចុះនៅត្រឹម ១ គីឡូក្រាម ១៧០រៀល (ដំឡូងស្រស់) ប៉ុណ្ណោះ ដែលតម្លៃ នេះកសិករថា ពិបាកនឹងទទួលយក បើទូទាត់កម្លាំងពលករផងនោះមិនរួចថ្លៃដើមទេ។
កសិករជាច្រើនគ្រួសារ ដែលជាអ្នកប្រកបរបរដាំដំឡូងមី បានត្អូចតែប្រហាក់ប្រហែលគ្នាថា ពួកគាត់មានជីវិភាពរស់នៅប្រចាំថ្ងៃ គឺពឹងផ្នែកលើការប្រកបរបរដាំដំឡូងមីច្រើនជាងដំណាំផ្សេងៗ ដោយសារជាប្រភេទដំណាំមួយដែលងាយស្រួលក្នុងការដាំដុះ មិនពិបាកចំណាយថវិការច្រើនក្នុងការថែទាំនិងប្រើប្រាស់ជី ហើយទទួលបានទិន្នផលល្អ លក់បាន ថវិការសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារជារៀងរាល់ឆ្នាំ មិនពិបាកដើរស៊ីឈ្នួលគេ ឬសំណាកស្រុកដោយផ្សងព្រេង ។
កសិករ ឃុន សារុម បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ លើទំហំដីរបស់លោកមានបន្តិចបន្តួច ក្រុមគ្រួសាររបស់លោកបានរំពឹងលើដីនេះ ជារៀងរាល់ឆ្នាំ មិនដែលបោះបង់ការដាំដំឡូងមីឡើយ ហើយតម្លៃក៏បានកាក់កបប្រសើរដែរ។ តែឆ្នាំនេះតម្លៃហាក់មិនកាក់កបនោះទេ ហើយមកត្រឹមពេលនេះឈ្មួញឲ្យបានតែ ១៧០ រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម (ដំឡូងស្រស់)។
លោកបន្តថា “ខ្ញុំមិន ទាន់ប្រមូលផលទេ រង់ចាំប្រមូលផលក្នុងខែ១ឬខែ២វិញ ក្រែងបានតម្លៃគ្រាន់ជាងនេះ”។
កសិករម្នាក់ទៀតគឺ លោក សុភ័ណ្ណ បានលើកឡើងថា ដំឡូងមីលោកមានដាំលើទំហំដី ៥ ហិកតា ហើយជីវភាពគ្រួសារ រស់នៅប្រចាំថ្ងៃពឹងផ្អែកលើផលដំណាំនេះទាំងស្រុង ហើយបើសិនជាអ្នកបញ្ជាទិញមិនទម្លាក់តម្លៃហួសហេតុពេក។
លោកថា “គ្រួសារខ្ញុំពី ១ ឆ្នាំទៅ ១ ឆ្នាំ រស់ពឹងតែចំណូលដំឡូងហ្នឹងហើយ មិនមានមុខរបរក្រៅពីនេះទេ ហើយតាមរយះមុខរបរនេះ គ្រួសារខ្ញុំក៏មានផ្ទះត្រឹមត្រូវនៅនិងគេ ហើយសម្ភារះសម្រាប់ធ្វើកសិកម្មមួយនេះក៏បានទិញគ្រប់គ្រាន់ដែរ តែផលដំឡូងឆ្នាំនេះ ខ្ញុំទុកដល់ខែកុម្ភះ ឆ្នាំ២០២៥ ទើបខ្ញុំប្រមូលអាចបានថ្លៃជាងនេះគ្រាន់បើ”។
ចំណែកដំឡូងមី ដ៏ល្អពាសពេញលើទំហំដីជិត១០ហិកតា របស់អ្នកស្រី ឈាង មុំ ក៏គេសង្កេតឃើញនៅមិនទាន់ប្រមូលផលនៅឡើយដែរ បើទោះបីដំឡូងត្រូវដល់រដូវប្រមូលផលក៏ដើមដំឡូងនៅតែឈលើផ្ទៃដីនៅឡើយ។ បើតាមអ្នកស្រី ឈាង មុំ ជាម្ចាស់ចម្ការបានឲ្យកម្ពុជាថ្មីថា “ដោយសារតែតម្លៃទាបទើបខ្ញុំអត់ទាន់ប្រមូល កាលពីជិតគ្រប់ថ្ងៃប្រមូលផល បានតម្លៃជាង ២០០ រៀលក្នុង ១គីឡូក្រាម ដល់ពេលខ្ញុំជិតចាប់ផ្តើមប្រមូលផល ស្រាប់តែបានតែជាង ១០០ រៀលក្នុង ១ គីឡូក្រាម ដោយសារតែតម្លៃទើបពេក ទើបខ្ញុំទុកប្រមូលផល ត្រឹមខែមករាខាងមុខនេះវិញ “។
បើទោះយ៉ាងណាមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍ឲ្យដឹងថា ទិន្នផលដំឡូងមី (មើមស្រស់) ឆ្នាំនេះបាននាំ ចេញទៅប្រទេសថៃ បើគឹតត្រឹមថ្ងៃទី ១៩ ខែធ្នូនេះ មានទំហំ ៣៦០ តោន មានតម្លៃសរុប ៤៤,២៦៤,១៦០.០០០ រៀល។
មន្ត្រីដដែលថា ការនាំចេញទិន្នផលដំឡូងមី រវាងខេត្តបាត់ដំបងទៅប្រទេសថៃ មានតែនាំចេញតាមច្រកមួយប៉ុណ្ណោះ គឺច្រក អន្ត រជាតិ ភ្នំដី ឬគីឡូ១៣ ស្ថិតក្នុងស្រុកសំពៅលូន នៃខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ