ព័ត៌មានជាតិ
ក្រសួងការងារ អះអាងថា ការយកកម្រៃសេវាបោះត្រាអនុញ្ញាតចេញ-ចូល ប្រទេសថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាទេ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការយកកម្រៃសេវាបោះត្រាការអនុញ្ញាត ចេញ-ចូលជាការកំណត់របស់ភាគីថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជានោះទេ។

ការអះអាងរបស់ក្រសួងការងារនេះបានធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗ នេះ មានការផ្សព្វផ្សាយអំពីការដំឡើងថ្លៃកម្រៃ សេវាបោះត្រាការអនុញ្ញាតចេញ-ចូល (Re-Entry Permit) តាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងបង់កម្រៃសេវានេះជូនភាគីកម្ពុជា។

បើតាមសេចក្ដីបំភ្លឺស្ដីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តថា ទាក់ទងនឹងការលើកឡើងនេះ ក្រសួង សូមបំភ្លឺថា ការយកកម្រៃសេវាបោះត្រាការអនុញ្ញាត ចេញ-ចូលនេះ ជាការកំណត់របស់ភាគីថៃ មិនមែនជាសមត្ថកិច្ចរបស់ភាគីកម្ពុជាក្នុងការកំណត់ និងទទួលសេវា នោះទេ។ ជាក់ស្តែង ក្រសួងមហាផ្ទៃ នៃប្រទេសថៃ បានកំណត់កម្រៃសេវាការអនុញ្ញាតចេញ-ចូលម្តង (Single Re-Entry Permit) ចំនួន ១ ០០០ បាត និងសេវាការអនុញ្ញាតចេញ-ចូលច្រើនដង (Multiple Re-Entry Permit) ចំនួន ៣ ៨០០ បាត សម្រាប់បង់ជូនទៅភាគីថៃ។

ក្រសួងសូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីថៃលើកលែង និងបញ្ចុះកម្រៃសេវា ពាក់ព័ន្ធនឹងចំណាយរបស់ពលករខ្មែរ ជាក់ស្ដែងភាគីថៃ បានបញ្ចុះកម្រៃសេវាទិដ្ឋាការប្រភេទការងារពី ២០ ០០០ បាត មក ៥០០ បាត (ចាប់ពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៧) និងលើកលែងកម្រៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់ពលករខ្មែរវិលត្រឡប់មកស្រុកកំណើតអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៤។
ក្រសួងការងារ បន្ថែមថា ដោយពិនិត្យឃើញថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ មានពលករខ្មែរបានកកស្ទះក្នុងការបំពេញបែបបទចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ ភាគីថៃបានបន្ថែមកម្លាំង និងសហការជាមួយអនុព័ន្ធការងារអម ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងមន្ត្រីពាក់ព័ន្ធរបស់ភាគីកម្ពុជា ដើម្បីសម្របសម្រួលបំពេញបែបបទឱ្យបានឆាប់រហ័សជូនពលករខ្មែរ។
ក្រសួងការងារ បានណែនាំថា ដើម្បីចៀសវាងការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ក្រសួង សូមជម្រាបជូនពលករខ្មែរដែលមានបំណងធ្វើដំណើរចេញ-ចូលប្រទេសថៃ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតចេញ-ចូលនៅការិយាល័យអន្តោប្រវេសន៍តាមបណ្តាខេត្តក្នុងប្រទេសថៃដែលពលករកំពុងស្នាក់នៅ មុនធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីរក្សាសុពលភាព ទិដ្ឋាការការងាររបស់ខ្លួន។
គួរបញ្ជាក់ថា បច្ចុប្បន្នមានពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចំនួន ១ ២៦២ ១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ ជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែប្រសើរ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


