ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន បង្ហើបឱ្យដឹងពីគម្រោងធ្វើសមាជសភាទាំងពីរថ្នាក់ នាពេលខាងមុខ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងពីគម្រោងរៀបចំធ្វើសមាជរបស់អង្គនីតិបញ្ញត្តិទាំងពីរថ្នាក់ គឺព្រឹទ្ធសភា និងរដ្ឋសភា នាពេលខាងមុខ។

ការបង្ហើបឱ្យដឹងដូច្នេះ ក្នុងឱកាសដែលសម្ដេចតេជោ ដឹកនាំសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។ ខណៈប្រធានបទ គឺពុំទាន់បានកំណត់នៅឡើយទេ ដោយរង់ចាំការជជែកគ្នារវាងក្រុមការងារជំនាញនៃស្ថាប័នសភាទាំងពីរ។
តាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា នឹងរៀបចំសមាជរួមគ្នាជាមួយរដ្ឋសភា ខណៈបច្ចុប្បន្នស្ថាប័នកំពូលទាំងពីរ កំពុងពិភាក្សាគ្នាទៅលើការរៀបចំ និងការប្រព្រឹត្តទៅរបស់សមាជ រួមទាំងការកំណត់លើប្រធានបទដែលត្រូវយកលើកពិភាក្សា។
សម្ដេចតេជោ បានថ្លែងដូច្នេះថា «សូមជូនដំណឹងទៅដល់សមាជិកព្រឹទ្ធសភារបស់យើង តាមការគិត និងការប្រជុំគណៈអចិន្ត្រៃយ៍ ប៉ុន្មានថ្ងៃមុននេះ គឺនៅក្នុងអាណត្តិនេះ យើងអាចមានសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលកំពុងពិភាក្សារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីឈានទៅដល់សមាជរវាងព្រឹទ្ធសភា និងរដ្ឋសភា ដែលរដ្ឋធម្មនុញ្ញ បានចែង ហើយដែលមានចែងក្នុងច្បាប់ស្ដីពីសមាជ ហើយយើងនឹងជ្រើសរើសប្រធានបទ ទាក់ទងនឹងការត្រូវពិភាក្សាក្នុងសមាជនោះ»។

មាត្រា១១៦ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ក្នុងករណីចាំបាច់ រដ្ឋសភា និងព្រឹទ្ធសភា អាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ បើយោងតាមច្បាប់ស្ដីពីសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឱ្យនិយមន័យសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ បញ្ហាសំខាន់ៗរបស់ប្រទេសជាតិនេះ ត្រូវបានច្បាប់ស្ដីពីសមាជ គឺសំដៅដល់ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្ដិ បណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬករណីផ្សេងៗទៀត ដែលគណៈកម្មាធិការសមាជយល់ឃើញថា ជាបញ្ហាសំខាន់របស់ប្រទេសជាតិ។

តាមច្បាប់សមាជដដែលនេះ បានកំណត់ថា ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានព្រឹទ្ធសភា ជាប្រធានសមាជ ហើយការប្រជុំសមាជ នឹងយកជាការបាន លុះត្រាតែមានកូរ៉ុមលើសពីពាក់កណ្តាលនៃសមាជិករដ្ឋសភាទាំងមូល និងកូរ៉ុមលើសពីពាក់កណ្តាលនៃសមាជិកព្រឹទ្ធសភាទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងចាត់គម្រោងរៀបចំសមាជរបស់ព្រឹទ្ធសភា និងរដ្ឋសភា ខាងមុខ ថា នេះជាការរួមចំណែកយ៉ាងសំខាន់របស់សមាជិក-សមាជិកសភា នៅអង្គនីតិបញ្ញត្តិទាំងពីរថ្នាក់ ជាមួយនឹងកិច្ចការទូទៅរបស់ប្រទេសជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


