ព័ត៌មានជាតិ
ក្រសួងអប់រំ និងគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ជួបពិភាក្សាលើសំណើសុំបន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា
នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យ អភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ និងរួមចំណែកដល់ការកសាងសង្គមមួយ មានវិបុលភាព ចីរភាព និងបរិយាបន្ន។
ក្នុងឱកាសជំនួបនេះ នាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងពិភពលោក បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយរំពឹងថាកម្មវិធីនេះ នឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងរួមចំណែកជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដំណើរការទៅដោយរលូន និងមានការទទួលស្គាល់ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកាត់បន្ថយភាពក្រីក្រ និងផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ និងចូលរួមសម្របសម្រួលនូវរាល់ដំណើរការក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់ ដោយបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។

គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕

-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


