Connect with us

ព័ត៌មានជាតិ

កូនខ្មែរ​គួ​រ​ដឹង! វត្តរាជបូណ៌​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំ អ្នកប្រាជ្ញ និងមន្រ្តី​សង្ឈ​ខ្ពស់ៗធ្លាប់គង់នៅ

បានផុស

នៅ

វត្តរាជបូណ៌ ជាបូជនីយដ្ឋាន និងបុរាណដ្ឋា​ន​ដ៏ល្បីមួយ​នៅក្នុង​ខេត្ត​សៀម​រាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ បើ​គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​កាល​ជាង ៤០០ ឆ្នាំ។ វត្តរាជបូណ៌ មាន​ទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្ត​សៀមរាប។

ព្រះវិហារចាស់មុនការ​ជួសជុល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តរាជបូណ៌ជាវត្តដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តី​សង្ឈ​ ដែល​មាន​ឋានានុក្រមខ្ពស់ៗគង់នៅដូចជាព្រះមហាវិមលធម្ម ពិន សែម ព្រះ​រាជាគណៈថ្នាក់ទោ ព្រះពុទ្ធឃោសាចារ្យ ខៀវ ណឺយ (លោកតាណឺយ) ព្រះរាជាគណៈថ្នាក់ទោជាដើម។ វត្តនេះក៏ជាវត្ត​កំណើតរបស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលព្រះអង្គសាងព្រះផ្នួសនៅវត្តនេះតាំងពីសាមណេរតមក ហើយសម្តេចធ្លាប់មានតួនាទីជាព្រះគ្រូសូត្រស្តាំ​ក្នុងវត្តរាជបូណ៌​នេះផងដែរ។

និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌វត្តនេះបានបើកសាលាពុទ្ធវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃក្នុងខេត្តដ៏ដូចជាព្រះសង្ឃ​មកពី​បណ្តា​ខេត្ត​នានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធសាសនា​ក៏ដូចជា​ចំណេះ​ដឹងទូទៅមានគណិតវិទ្យា វិទ្យាសាស្រ្ត និងភាសា បរទេស​ជា​ដើម។ ជាមួយគ្នានោះផងដែរ វត្តមានមជ្ឈមណ្ឌលវប្បធម៌និងសិល្បះ ដែលមាន បង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណី(ភ្លេងការ) ជាដើម។

បើនិយាយអំពីស្នាដៃស្ថាបត្យកម្មវិញ ព្រះវិហារវត្តបូណ៍ គឺជាមរតក​វប្បធម៌​ដ៏ល្អឯកមួយ ដែលពោលពេញទៅដោយក្បូរក្បាច់រចនា និង​ស្នាដៃសិល្បៈខ្មែរពិតៗ ដែលរួមមាននៅទាំងលើដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នក​ស្រាវ​ជ្រាវ​ជាតិ-អន្តរជាតិ។ តែគួរឲ្យស្ដាយ ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អពិចិត្រនៃសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិង​បាត់បង់សោភ័ណ​ដើម​ដោយ​អន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះ​ស្រាំ ធូលី និងផ្សែងធូបទៀនរុំជាដើម។

វិហារថ្មី​ដែល​អាជ្ញាធរអប្សរាទើបបញ្ចប់ការ​ជួសជុលរួច

គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអាប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។

ការជួសជុលនេះគឺដើម្បីរួមចំណែកថែរក្សាមត៌កវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។ ក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានីភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម