ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោ តម្លៃ ១ ៧០០ លានដុល្លារ ឈានចាប់ផ្តើមដោះស្រាយផលប៉ះពាល់
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានចាប់ផ្តើមឈានទៅដោះស្រាយផលប៉ះពាល់ បន្ទាប់ពីបើកការដ្ឋានសាងសង់បានជិតមួយឆ្នាំ។
តាមរយៈកិច្ចប្រជុំមួយកាលពីម្សិលមិញនេះ ដឹកនាំដោយ លោក ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក៏មានការចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមន្រ្តីពាក់ព័ន្ធបានពិភាក្សាពីផលប៉ះពាល់លើការដ្ឋានសាងសង់នៅកំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។

បើតាមមន្រ្តីចូលរួមកិច្ចប្រជុំបានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នឹងចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិតនិងពិនិត្យរួមគ្នាលើផលប៉ះពាល់។ រីឯការដោះស្រាយផលប៉ះពាល់ នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥។
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់វាស់វែងនិងបោះបង្គោលកំណត់និយាមការដំណាក់កាលទី២ ដែលមានប្រវែងជាង ១៥០ គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចប់ការវាស់វែង និងបោះបង្គោលកំណត់និយាមការដំណាក់កាលទី១។

សំណង់ព្រែកជីកហ្វូណនតេជោចែកចេញជាពីរផ្នែកគឺ ផ្នែកទី១ ចាប់ពី «ព្រែកតាកែវ-ព្រែកពោធិ៍» មានចម្ងាយ ២១ គីឡូម៉ែត្រ និងផ្នែកទី២ ចាប់ពី «ទន្លេបាសាក់ត្រង់ចំណុចព្រែកពោធិ៍-សមុទ្រខេត្តកែប» មានចម្ងាយ ១៥៩ គីឡូម៉ែត្រ។
ព្រែកជីកប្រវត្តិសាស្រ្តនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៥ សីហា ឆ្នាំ២០២៤ ដែលគ្រោងចំណាយទុនវិនិយោគ ១ ៧០០ លានដុល្លារ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ ពោលគ្រោងបញ្ចប់នៅឆ្នាំ២០២៨។
ការជីកព្រែកនេះធ្វើនៅលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យអាណាចក្រហ្វូណន។ តម្រាយផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ ខណៈផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យ កោងពេកមានប្រវែងជាង ៣៨ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងជាង ៧ គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោងនិងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
នៅពេលបញ្ចប់ការសាងសង់ ព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា នឹងផ្តល់ផលប្រយោជន៍ដ៏ធំមហិមាសម្រាប់ការជំរុញការដឹកជញ្ជូន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ