Connect with us

ព័ត៌មានជាតិ

សហគ្រាស មិនអនុវត្តកាតព្វកិច្ចបង់ភាគទានតាមកាលកំណត់ ឬ ប្រកាសប្រាក់ឈ្នួលជាប់ភាគទានមិនត្រឹមត្រូវប្រឈមនឹងផ្លូវច្បាប់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ ប​.​ស​.​ស បាន​អះអាងថា​ សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា​ដែល​មិន​អនុវត្ត​កាតព្វកិច្ច​បង់​ភាគទាន​តាម​កាលកំណត់ ឬ​ប្រកាស​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​មិន​ត្រឹមត្រូវ​ នឹងត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជា​ធរមាន។

លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា ​ក្រៅពីនេះ ​សហគ្រាស គ្រឹះស្ថាន ដែល​មិន​អនុវត្ត​កាតព្វកិច្ច​រាយការណ៍​អំពី​ចំនួន​កម្មករ-និយោជិត​ឱ្យបាន​ត្រឹមត្រូវ ឬ​ការ​ដកយក​ភាគទាន​មិន​អនុលោម​តាម​បទប្បញ្ញត្តិ ​នៃ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ ក៏ត្រូវ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម កែវ​រស្មី បាន​ជំរុញ​ឱ្យ​តំណាង​សហគ្រាស គ្រឹះស្ថាន និង​ក្រុមហ៊ុន​ ចូលរួម​ឈ្វេងយល់​អំពី “​គោលការណ៍ បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​”​ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​វិសាលភាព​គ្របដណ្ដប់​សមាជិក​ឱ្យ​កាន់តែ​ទូលំទូលាយ​ ដើម្បី​ចៀសវាង​ប្រឈម​នឹង​ផ្លូវច្បាប់។

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ​ឆ្នាំ​ ២០២៤ ​កម្ពុជា មាន​រោងចក្រ​សហគ្រាស​ចំនួន​ ៤៤ ៧៩៨ មាន​កម្មករ-និយោជិត​ចំនួន​ ១ ៨១៦ ០៤៦ ​នាក់ ​ស្រី ​១ ០៦៤ ៦៨១ ​នាក់​ ក្នុងនោះ ​រោងចក្រ​កាត់ដេរ​មាន​ចំនួន ១ ៥៦៦ ​មាន​កម្មករ-និយោជិត​ចំនួន​ ៩២៤ ០៤៥​ នាក់ ​ស្រី​ ៦៩១ ៤២៣ ​នាក់។

លោក​បាន​បន្តថា តួលេខ​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២៣​ ឃើញថា​ មានការ​កើនឡើង​ ខណៈ​ឆ្នាំ ២០២៣​ មាន​រោងចក្រ​សហគ្រាស​ចំនួន​ ៤០ ៩៧៥ រោងចក្រ មាន​កម្មករ​ចំនួន ​១ ៧១៥ ០២៩​ នាក់ ស្រី​ ១ ០៣៩ ៦៩៩​ នាក់ ​ក្នុងនោះ​រោងចក្រ​កាត់ដេរ មាន ​១ ៤៩៩ មាន​កម្មករ-និយោជិត​ចំនួន ៨៨៦ ៣៥៥​ នាក់ ​ស្រី​ ៦៧៣ ៧៣៦ នាក់។

លោក​បាន​បន្ត​ទៀត​ថា ចំនួន​រោងចក្រ​សហគ្រាស​កើនឡើង​នេះ​ នឹង​ផ្តល់ឱកាស​ការងារ​កាន់​តែ​ច្រើន​ដល់​កម្មករ-និយោជិត​ទទួលបាន​ប្រាក់ចំណូល​ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​ក្រុម​គ្រួសារ ដែល​ទាំងនេះ​ជាការ​រួមចំណែក​ទ្រទង់​សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ច​ជាតិ និង​កាត់បន្ថយ​ភាព​ក្រក្រី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម