ព័ត៌មានជាតិ
នៅរតនគិរី ជនជាតិដើមភាគតិចមួយរូប ងាកមកប្រកបរបរដាំដំណាំអំពៅរកចំណូលបានច្រើនគួរសម ដើម្បីចិញ្ចឹមគ្រួសារ
អំពៅ ជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុ មិនងាយឆាប់ស្វិតស្រពោន និងងាប់ ហើយអំពៅជាដំណាំដែលងាយស្រួលដាំ ជាប្រភេទដំណាំដែលប្រជាកសិករងាយស្រួលទៅរកទិញពូជនៅក្នុងស្រុក ហើយមកដាំតែម្តងគត់នៅលើដីចម្ការ។ ដំណាំអំពៅនេះ អាចប្រមូលផលម្តងហើយម្តងទៀតស្របទៅតាមអាកាសធាតុតាមរដូវកាល។ ដំណាំនេះបន្ទាប់ពីដាំបាន និងអាចប្រមូលផលនៅរដូវប្រាំង ហើយគល់នៅសល់នៅពេលត្រូវទឹកភ្លៀង ឬស្រោចទឹក វាចាប់ផ្តើមចេញកូនលូតលាស់ជាថ្មី។ ការមើលថែកូនអំពៅ មិនសូវពិបាកទេ ប្រជាកសិករជម្រះស្មៅតាមជើងអំពៅឱ្យបានស្អាត ហើយបាញ់ថ្នាំសម្លាប់ដង្កូវ។

លោក សាត់ ពើត ជាជនជាតិដើមភាគតិចទំពួន ស្ថិតនៅភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី គឺជាអ្នកប្រកបរបរដាំអំពៅ។ ក្នុងវ័យ៤៣ឆ្នាំ លោកបានប្រកបរបរដាំអំពៅនេះអស់រយៈពេល២ឆ្នាំមកហើយ។ គាត់បានរៀបរាប់ដំណើរដើមទងយ៉ាងដូច្នេះថា ពីដំបូងឡើយគាត់ចាប់អារម្មណ៍លើអំពៅនេះដោយគាត់ឃើញក្រុមហ៊ុនក្នុងស្រុកវិនិយោគលើការដាំអំពៅ ហើយក៏មានមិត្តភ័ក្តិនៅធ្វើការនៅទីកន្លែងនោះ។ គាត់បានទាក់ទងសុំទិញគល់អំពៅពីក្រុមហ៊ុន ដើម្បីយកមកដាំនៅចម្ការរបស់គាត់ ដោយសម្លឹងមើលឃើញថា នៅតាមតូបលក់ទឹកអំពៅនៅជិតផ្ទះរបស់គាត់ តែងតែខ្វះអំពៅ និងតែងតែកុម្ម៉ងទិញដើមអំពៅមកពីកន្លែងឆ្ងាយដែលលមានតម្លៃថ្លៃ ជួនកាលក៏មិនមានអំពៅលក់ថែមទៀត។ ដូច្នេះហើយ គាត់ក៏សម្រេចដាំអំពៅ ហើយលក់ឱ្យតូបលក់ទឹកអំពៅនៅក្បែរផ្ទះរបស់គាត់តែម្តង។

លោក សាត់ ពើត បានលើកឡើងថា ការដាំអំពៅនេះ គឺងាយស្រួលដាំពីព្រោះថា លោកដាំដោយប្រើម៉ាស៊ីនខួងរណ្តៅ ទើបដាក់កូនអំពៅចូល រួចពួនគល់ និងស្រោចទឹក។ បន្ទាប់មក ទុកឱ្យវាលូតលាស់តាមលក្ខណៈធម្មជាតិ ដោយមិនប្រើគីមីនោះទេ ពីព្រោះថាដំណាំមិនរើសដីឡើយ។ បើតាមប្រជាកសិកររូបនេះ អំពៅមានដល់ទៅ២ប្រភេទ គឺអំពៅក្រហម ភាគច្រើនមានប្រជាជនដាំនៅតាមផ្ទះ និងអំពៅស ឃើញឃើញតែនៅតាមក្រុមហ៊ុន ដែលដាំជាលក្ខណៈផលិតស្ករអំពៅ។ លោកថា ចំពោះអំពៅក្រហម ជាទូទៅគាត់មិនបានដាំនោះទេ ពីព្រោះថា ប្រភេទក្រហមនេះ មានសភាពស្រួយ ហើយពេលលក់ទៅឱ្យអ្នកគៀបទឹកលក់ វាស្រួយ និងបែក ពិបាកគៀបយកទឹកលក់។

ចំពោះការដាំដំណាំអំពៅនេះដែរ លោក សាត់ ពើត មានដីតែ៣០ម៉ែត្រ៤ជ្រុង ដាំអំពៅលក់ក្នុង១រដូវប្រមូលផលចំណេញក្នុង១ឆ្នាំបាន១លានរៀល។ ការប្រមូលផលដំណាំនេះ ចាប់ពីនៅខែកុម្ភៈ រហូតដល់ខែមេសា។ ពីដំបូងឡើយ លោកលក់បានតែ២,០០០ រៀលតែប៉ុណ្ណោះក្នុងមួយបាច់ តែរយៈពេលចុងក្រោយមកនេះ តម្លៃអំពៅកើនឡើងរហូតដោយសារមានការកុម្ម៉ង់ទិញពីបណ្តាតូបលក់ទឹកអំពៅក្នុងស្រុក គាត់កាប់ចងជាបាច់ៗក្នុងតម្លៃ១០,០០០រៀល រួចដឹកតាមម៉ូតូ ទៅជូនដល់កន្លែងអ្នកទិញតែម្តង។ ដោយសារតែដំណាំអំពៅងាយស្រួលដាំ មិនពិបាកមើលថែ លោកមានគម្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតនាពេលខាងមុខនេះ៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


