ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្មវិធី Technovation ជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីមួយដែលមានសក្តានុពល និងបានដើរតួនាទី និងជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធី Technovation x Future Digital Talents កម្ពុជា ២០២៥ កាលពីថ្ងៃទី ១០ មីនា លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធី Technovation កម្ពុជា គឺជាកម្មវិធីមួយដែលមានសក្តានុពល និងបានដើរតួនាទីជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ជាពិសេសគឺការគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ ជាកុមារី ជាយុវនារី ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព ដែលមានអាយុចាប់ពី ៨ ដល់ ១៨ ឆ្នាំ តាមរយៈការបណ្តុះគំនិតឱ្យបានយល់ដឹង បង្កើនទំនុកចិត្ត និងសេចក្តីក្លាហាន ក្នុងការជ្រើសរើសយកវិស័យបច្ចេកវិទ្យាជាជំនាញសម្រាប់បន្តការសិក្សានាពេលអនាគត និងជាពិសេសបង្កើនចំនួនស្ត្រីមានអាជីពវិជ្ជាជីវៈលើផ្នែកបច្ចេកវិទ្យាកាន់តែច្រើនផងដែរ។

លោកបណ្ឌិត បានបន្តថា សម្រាប់ឆ្នាំ ២០២៥ នេះ មានគ្រឹះស្ថានសាធារណៈប្រមាណជា ៣៤ សាលា មកពី ១២ រាជធានី-ខេត្ត ចូលរួមកម្មវិធី Technovation x Future Digital Talents កម្ពុជា ២០២៥ មានដូចជា ៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់ ក្នុងនោះដែរ មានសាលាចំនួន ៥ មកពីស្រុកកងមាស ខេត្តកំពង់ចាម រាប់ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតវិទ្យាល័យ។

លោកបណ្ឌិត បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រចំពោះការបង្កើតឱ្យមានកម្មវិធី Technovation x Future Digital Talents នេះ សម្រាប់សិស្សានុសិស្សកម្ពុជាជំនាន់ក្រោយ ក្នុងការចាប់ផ្តើមគំនិតអាជីវកម្មរបស់ពួកគេដែលអាចដោះស្រាយបញ្ហាប្រឈមនានា សម្រាប់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ជំរុញការប្រើប្រាស់ជំនាញបច្ចេកវិទ្យាឌីជីថល (ICT) ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

គួរបញ្ជាក់ថា កម្មវិធី “Technovation x Future Digital Talents 2025” ត្រូវបានរៀបចំឡើងដោយសហគមន៍ Technovation Cambodia និងមានការគាំទ្រ និងសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងជំរុញសិស្សនារីឱ្យចាប់អារម្មណ៍ និងសិក្សាផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើនអត្រាអ្នកចូលរួមជាស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យកាន់តែច្រើន។ បច្ចុប្បន្នក្រុមនារីវ័យក្មេងកម្ពុជាមានសមត្ថភាពលើវិស័យបច្ចេកវិទ្យា និងធុរកិច្ចមិនចាញ់ក្រុមនារីវ័យក្មេងបរទេសឡើយ។ ដោយមើលឃើញពីតម្រូវការ និងសមភាព នៃការចូលរួមប្រកួតប្រជែងរបស់សិស្សានុសិស្សទាំងប្រុស ទាំងស្រី Technovation Girls Cambodia បានរួមសហការជាមួយ Future Digital Talents ដើម្បីប្រែក្លាយជាកម្មវិធីមួយដែលមានការចូលរួមពីសិស្សទូទៅ ក្នុងការទទួលបានការអប់រំតាមបែបបច្ចេកវិទ្យា និងដើម្បីចូលរួមប្រកួតប្រជែងនៅកម្រិតថ្នាក់ជាតិ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ