ព័ត៌មានជាតិ
ពលរដ្ឋស្នើអាជ្ញាធរជំនាញពន្លឿនជួសជុលផ្លូវលំមួយខ្សែ ព្រោះពិបាកធ្វើដំណើរណាស់ដោយសារខូចខាតច្រើនកន្លែងពេក
ផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់ឃុំសង្កាត់ចំនួន៤ ពីទីរួមខេត្តទៅ រួមមាន សង្កាត់មនោរម្យ សង្កាត់រមនា ឃុំមេម៉ង់ និងឃុំចុងផ្លាស់ បានរងការខូចខាតផុសក្បាលថ្មចេញមកជាច្រើនកន្លែង លំបាកក្នុងការធ្វើដំណើរទាំងម៉ូតូនិងទាំងរថយន្ត។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានទទូចស្នើសុំដល់អាជ្ញាធរខេត្តពន្លឿនការជួសជុលឡើងវិញ និងឈានទៅដល់ការចាក់កៅស៊ូតែម្តងនៅពេលខាងមុខ ដើម្បីឱ្យការធ្វើដំណើរមានភាពងាយស្រួល។

លោក កន ស៊ាងហាក់ អាយុ ៣៥ឆ្នាំ ជាប្រជាជាពលរដ្ឋមួយរូបដែលរស់ឃុំមេម៉ង់ ស្រុកកែវសីមា បានរៀបរាប់ថា ពេលមានធុរៈត្រូវធ្វើដំណើរឆ្ពោះទៅទីរួមខេត្តម្តងៗតែងតែយកផ្លូវលំមួយខ្សែនេះសម្រាប់ធ្វើដំណើរទៅមក។ ប៉ុន្តែ កាធ្វើដំណើរនោះ មិនមានភាពងាយស្រួលនោះទេ ពោល គឺមានលំបាកខ្លាំងណាស់ ព្រោះផ្លូវនេះបើរដូវប្រាំងផ្លូវមានសភាពហុយទ្រលោម ហើយថែមទាំងសម្បូទៅដោយក្បាលថ្មផុសចេញឡើងមកព្រោងព្រាត។ ចំណែរដូវវស្សាវិញ គឺផ្លូវមានសភាពបែកភក់រអិលលំបាកខ្លាំងទាំងខ្លួនគេផ្ទាល់និងទាំងអ្នកធ្វើដំណើររួមផងដែរ។ រូបគេបន្ថែមថា ផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រឆ្ពោះទៅទីរួមខេត្ត បើសិនជាគេមានធុរៈ ឬមានការចាំបាច់ខ្លាំង តម្រូវឲ្យគេត្រូវសម្រេចចិត្តជិះរថយន្តតាក់ស៊ីវិញ មិនជិះម៉ូតូឡើយ ព្រោះធ្វើដំណើរតាមរថយន្តងាយស្រួលជាងមធ្យោបាយម៉ូតូបន្តិច។ ប៉ុន្តែ ការចំណាយក៏កាន់តែច្រើនបន្ថែមទៀតរហូតទៅដល់៤ ០០០០រៀលក្នុងកាធ្វើដំណើរទៅទីរួមខេត្ត និងត្រឡប់មកវិញម្តងៗ។ បើធៀបការចំណាយលើកាជិះម៉ូតូខ្លួនឯងវិញ គឺអស់ថ្លៃចាក់សាំងត្រឹម៦ ០០០រៀលប៉ុណ្ណោះ។
ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកស្នើដល់អាជ្ញាធរថ្នាក់ខេត្តមេត្តាជួយពន្លឿននៃការជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋដែលយកមធ្យោបាយផ្លូវនេះ ធ្វើដំណើរទៅមក ក៏ដូចជា ដឹកកសិផលផ្សេងៗឲ្យមានការងាយស្រួល ព្រោះបច្ចុប្បន្ននេះផ្លូវមានភាពលំបាកខ្លាំងណាស់ក្នុងកាធ្វើដំណើរ។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជារាជរដ្ឋាភិបាល នឹងធ្វើផ្លូវនេះដោយចាក់កៅស៊ូ តែម្ដងនៅថ្ងៃខាងមុខ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាឃុំ-សង្កាត់ផ្សេងៗទៀត ដែលយកផ្លូវនេះជាមធ្យោបាយធ្វើដំណើរ ក៏បានស្នើទទូចទៅដល់ប្រមុខថ្នាក់ដឹកនាំខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលមេត្តាជួយធ្វើជាផ្លូវចាក់កៅស៊ូតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ងាយស្រួលធ្វើដំណើរទៅមក ទាំងមធ្យោបាយម៉ូតូ និងរថយន្តផង។ លើសពីនេះ បច្ចុប្បន្នមិនមែនតែប្រជាពលរដ្ឋធ្វើដំណើរនៅលើផ្លូវនេះតែប៉ុណ្ណោះទេ ពោល គឺមានក្រុមហ៊ុនច្រើនណាស់ដែលមានរថយន្តតូចធំដែលបានយកផ្លូវនេះធ្វើជាមធ្យោបាយធ្វើដំណើរដឹកសម្ភារៈផ្សេងៗ រួមមាន ក្រុមហ៊ុនរ៉ែមាសតំបន់អូរខ្វាវ ក្រុមហ៊ុនរ៉ែមាសរ៉ុងឈីង និងក្រុមហ៊ុនផលិតឥដ្ឋបរិស្ថានជាដើម។
ជុំវិញទុក្ខលំបាកពលរដ្ឋក្នុងការធ្វើដំណើរនេះ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី ក៏បានប្រាប់«កម្ពុជាថ្មី» ថា លោកមិនទាន់ដឹងច្បាស់នៃសកម្មភាពផ្លូវនោះទេ ប៉ុន្តែ កន្លងទៅ នៅក្នុងអង្គប្រជុំ ខាងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្នើមកខេត្ត ដើម្បីធ្វើអន្តរាគមន៍ទៅលើរថយន្តដែលដឹកលើសទម្ងន់ណ្តាលឲ្យខូចផ្លូវត្រង់ចំណុចក្រុងសែនមនោរម្យឆ្ពោះទៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាពិសេស ក្រុមហ៊ុនមួយ ដែលមិនសូវសហការជាមួយអាជ្ញាធរនោះទេ គឺក្រុមហ៊ុនផលិតឥដ្ឋបរិស្ថានដែលទើបតែបង្កើតថ្មី មានរថយន្តធុនធំដឹកទំនិញឆ្ពោះទៅការដ្ឋានរបស់ពួកគេ។

លោកបន្តថា ពាក់ព័ន្ធនឹងផ្លូវលំមួយខ្សែដែលមានប្រវែងជិត៥០គីឡូម៉ែត្រនេះ កន្លងទៅមន្ទីរអភិវឌ្ឍន៍ជនបទ បានសហការជាមួយក្រុមហ៊ុនរ៉ែមាស(Renaissance) តំបន់អូខ្វាវ បានធ្វើការជួសជុលផ្លូវនេះជាប្រចាំនាពេលកន្លងមកផងដែរ។ ប៉ុន្តែ យ៉ាងណាមិញមួយរយៈចុងក្រោយនេះ លោកមិនទាន់ដឹងថា តើបានជួសជុលឡើងវិញ ឬក៏យ៉ាងណានោះដែរ តែលោកគ្រាន់តែដឹងថា ក្រុមហ៊ុនរ៉ែមាសអូរខ្វាវនោះ គេមិនសូវជាសប្បាយចិត្តប៉ុន្មានទេក្នុងការស្ថាបនាជួសជុល ដោយសារក្រុមមហ៊ុនរបស់គេត្រូវចំណាយក្នុងការជួសជុលផ្លូវនោះ។
លោកបានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវកៅស៊ូនាពេលខាងមុខ លោកមិនទាន់មានឯកសាររបាយការណ៍ជាក់លាក់ណាមួយនោះទេ ប៉ុន្តែ កន្លងទៅ ក្នុងអង្គប្រជុំ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានអះអាងថា នឹងមានផ្លូវកៅស៊ូជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីទីរួមខេត្តឆ្ពោះទៅឃុំចុងផ្លាស់នៅពេលខាងមុខនេះ៕
ដោយ៖ រៀម សុខហេង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក