ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំកម្លាំងសមត្ថកិច្ចចាត់ក្រុមប្រចាំការ២៤ម៉ោង ដើម្បីរក្សាសណ្តាប់ធ្នាប់ពេលចូលឆ្នាំខ្មែរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីសង្ក្រាន្ដចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅសួនតេជោ ឈ្នះ ឈ្នះ ក្រុងសិរីសោភ័ណ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ព្រមទាំងបានចេញសេចក្តីណែនាំមួយចំនួន ក្នុងនោះ រដ្ឋបាលខេត្ត ណែនាំឱ្យសមត្ថកិច្ចត្រូវចាត់កម្លាំងការពារ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាពីសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ណែនាំថា ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត គណៈបញ្ហាការឯកភាពរដ្ឋបាលគ្រប់ក្រុង-ស្រុក ត្រូវមាន ផែនការណែនាំជាក់ស្តែង ដល់អង្គភាពក្រោមឱវាទ ចាត់តាំងក្រុមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង បង្កើនកិច្ចសហការការពារថែរក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម បង្កបានភាពសប្បាយ រីករាយ ធានាសុវត្ថិភាពជូនមហាជន ភ្ញៀវជាតិ អន្តរជាតិ មុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិនេះ។ ត្រង់ចំណុចនេះ រដ្ឋបាលខេត្តបញ្ជាក់ថា៖ “ជាពិសេស រាល់អំពើ ឬល្បែងទាំងឡាយណា ដែលនាំឱ្យខាត់បង់អន្តរាយទ្រព្យសម្បត្តិ នាំឱ្យមានគ្រោះថ្នាក់ ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជា ការប្រើអំពើហិង្សា បណ្ដាលមកពីការរាំកំសាន្ត ជាន់ជើង ប៉ះទង្គិចបន្តិចបន្តួច ការលែងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ដល់អ្នកដំណើរតាមដងផ្លូវ ត្រូវ ហាមឃាត់ជាដាច់ខាត”។ រដ្ឋបាលខេត្តក៏ណែនាំឱ្យមានការប្រុងប្រយ័តន្នខ្ពស់ ចំពោះការអុជទាន ធូប ផងដែរ កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំ គ្រប់បណ្តាមន្ទីរ-អង្គភាព-ទីវត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ត្រូវរៀបចំសម្អាតអនាម័យ មានតុបតែងផ្កាភ្ញី ភ្លើង ផ្លែឈើ នំចំណី ដើម្បីទទួលទេវតាឆ្នាំថ្មី។ ចំណែក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈគ្រប់ក្រុង-ស្រុក ត្រូវមានការរៀបចំសម្ដែងសិល្បៈ និងទស្សនីយភាព ជូនប្រជាពលរដ្ឋទស្សនាកំសាន្តតាមទីសាធារណៈ និងបំផុសគំនិតលេងក្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ ដើម្បីឱ្យយុវវ័យជំនាន់ក្រោយបានយល់ដឹង និងបន្តរក្សាប្រពៃណីវប្បធម៌ខ្មែរ។

ចំពោះ មន្ទីរធម្មការ និងសាសនាខេត្ត ក៏ត្រូវរៀបចំពិធីសាសនាគ្រប់វត្ដអារាមឱ្យបានសមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ និងសម្អាតបរិស្ថានក្នុងវត្ត ព្រះពុទ្ធបដិមាឱ្យបានស្អាតល្អ។ រីឯ មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធរៀបចំ និង ត្រួតពិនិត្យរាល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាននានា សម្អាត តុបតែងលំអ បង្កលក្ខណៈសំដៅទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកំសាន្តស្នាក់នៅក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕




-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


