ព័ត៌មានជាតិ
កសិករក្នុងស្រុកអូររាំងឪ ងាកមកដាំត្រាវព្រោះផ្តល់ប្រាក់ចំណូលខ្ពស់ដល់គ្រួសារ
កសិករក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ងាកមកដាំត្រាវវិញម្តង ព្រោះត្រាវរយៈពេលមួយឆ្នាំកសិករអាចប្រមូលផលបានពីរដងលើផ្ទៃដីទំហំកន្លះហិកតា ឲ្យផលបាន២០តោនឯណោះ ហើយមានទីផ្សារល្អទៀត ក្នុងមួយគីឡូក្រាមលក់តម្លៃពី៣ពាន់ ទៅ៣ពាន់៥រយរៀល មានម៉ូយចុះមកទទួលទិញដល់ចំការតែម្តង បើប្រៀបធៀបតម្លៃ ឆ្នាំនេះ និងឆ្នាំមុនតម្លៃប្រហែលគ្នា ចំពោះទិន្នផល ត្រាវឲ្យផលល្អដូចឆ្នាំទៅដែរ។

លោក ហេន ហ៊ន អាយុ៣៩ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំ ខាងលើបានបញ្ជាក់ឲ្យដឹងថា គាត់បានដាំត្រាវរយៈពេល៣ឆ្នាំមកហើយ ត្រាវងាយដាំ វាធននឹងអាកាសធាតុ និងទឹកផងដែរ។ ប្រើពេលតែ៦ខែ យើងអាចប្រមូលផលបានហើយ កសិករអាចដាំបាន២ដងក្នុងមួយឆ្នាំ។ ការដាំដុះកសិករត្រូវភ្ជួររាស់ហាលដីឲ្យបានត្រឹមត្រូវ ដោយប្រើជីធម្មជាតិទ្រាប់បាត ស្រោចទឹក១សប្តាហ៍ ៣ទៅ៤ដង បែបនេះទើបទទួលបានផលល្អ។ បើផ្ទៃដីមួយហិកតា យើងអាចប្រមូលផលមើមបាន៤០តោន កសិករនិយមដាំប្រភេទត្រាវចិនព្រោះវាឲ្យផលល្អ គុណភាពឆ្ងាញ់ពិសារ ផុសស្អិតរមួត ពលរដ្ឋនិយម យកទៅស្ងោរ ហូបលេង មុខម្ហូបស៊ុប ស្នូលនំ ធ្វើដំណាប់ ។ល។ មើមត្រាវមានទីផ្សារស្រួលលក់ហើយទុកបានយូរទៀតផង។

លោក វ៉ែន អិន មេឃុំគងជ័យបានបញ្ជាក់ឲ្យដឹងថា នៅក្នុងឃុំមានចំនួន២២ភូមិ ក្នុងនោះមានភូមិទួលតាហោមានជាង២០០គ្រួសារ ហើយបងប្អូនដាំដុះដំណាំត្រាវមានចំនួនជាង២០គ្រួសារ ជាក់ស្តែងឃើញពួកគាត់ទទួលបានផលល្អ អាចដោះស្រាយជីវភាពបានល្អប្រសើរ។ ក្នុងឃុំទាំងមូលបងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្មរហូតដល់៩០ភាគរយឯណោះ។ ហើយដាំណាំជាសក្តានុពលមាន ស្រូវ ដំឡូង រំដេង ជីរណា និងត្រាវ នេះតែម្តង។ ក្នុងភូមិទួលតាហោ កសិករដាំត្រាវមានផ្ទៃដីទំហំជាង៥ហិកតា ហើយនៅឆ្នាំ២០២៥នេះ កសិករចាប់អារម្មណ៍លើដំណាំត្រាវណាស់ ព្រោះវាឲ្យផលល្អ ហើយស្រួលលក់ ពួកគាត់គ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀតផងដែរ៕
អត្ថបទ៖ សាន វិឡែម



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


