Connect with us

ព័ត៌មានជាតិ

សហគ្រាស​កម្ពុជា​ ជំរុញ​ឲ្យ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល បង្កើន​ឧត្តមភាពប្រកួតប្រជែង​ក្នុង​​គម្រូអាជីវកម្ម

បានផុស

នៅ

សហគ្រាស​នៅ​កម្ពុជា​ទាំង​ខ្នាត​តូច និង​ខ្នាតមធ្យម ត្រូវ​បាន​កំពុង​ជំរុញ​ឲ្យ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​​បញ្ចូល​ទៅ​ក្នុង​គម្រូអាជីវកម្ម ក្នុងគោលដៅ​ជំរុញផលិតភាព និង​លើកកម្ពស់ការ​ប្រកួតប្រជែងក្នុងដំណាក់កាល​​ដែល​បច្ចេកវិទ្យា​កាន់តែ​​វិវឌ្ឍន៍​រីកចម្រើន។

​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «តស់ ចាប់​យក​​ឌីជីថល​» ដែល​រៀបចំ​ឡើង​នៅ​ព្រឹកនេះ​​ លោក​ តាំង ងួនលី នាយកប្រតិបត្តិ​មជ្ឍមណ្ឌល​​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​បាន​​គូស​បញ្ជាក់​ថា ស្ថិតក្នុងយុគសម័យ​ឌីជីថល ការ​ចាប់​យក​បច្ចេកវិទ្យា​មក​ប្រើប្រាស់​មាន​ភាព​ចាំបាច់​សម្រាប់​ជំរុញ​កំណើន​ និងការប្រកួតប្រជែងក្នុងប្រតិបត្តិការ​អភិវឌ្ឍន៍​​អាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​មជ្ឍមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​តេជោ​ បាន​ដាក់​ចេញកម្មវិធីបណ្តុះបណ្តាល​​បរិវត្តិកម្ម​ឌីជីថល​ដល់​​សហគ្រាស​ទាំង​នៅ​ក្នុង​ប្រព័ន្ធ និងក្រៅ​ប្រព័ន្ធ​​ ​នៅ​គ្រប់​កម្រិតដើម្បី​ចាប់​យក​​យក​បច្ចេកវិទ្យា​ឌីចីល​បញ្ចូលទៅក្នុងគម្រូ​អភិវឌ្ឍន៍​អាជីវកម្ម។

លោកថា វគ្គបណ្តុះបណ្តាល​ចាប់យកឌីជីថល រៀបចំឡើងសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រាស រួមបញ្ចូលទាំងបុគ្គលស្វ័យ​និយោជន៍ បាន​សិក្សាស្វែងយល់អំពីការធ្វើសមាហរណកម្មដំណោះស្រាយ​ឌីជីថល ដែល​ម្ចាស់​សហគ្រា​ចូលរួមនឹងទទួល​បានការ​យល់ដឹងអំពីទិដ្ឋភាពផ្សេងៗនៃការ​ប្រើប្រាស់ឌីជីថល និងការចាប់យកបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​​ទទួល​បាន​ជោគ​ជ័យ។

លោក តែ តាំងប៉ ប្រធាន​នៃ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា ការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថលនៅក្នុង​ចំណោម​​សហគ្រាសនៅ​កម្ពុជានៅ​មាន​កម្រិត​នៅឡើយ បើ​ទោះ​បច្ចេកវិទ្យា​មាន​ភាព​ចាំបាច់​​សម្រាប់​ជំរុញកំណើន​​ក្នុង​ខ្សែសង្វាក់ផលិតកម្ម។

លោក​ថា តាមរយៈ​កម្មវិធី​បរិវត្តិកម្ម​ឌីជីថល​សហគ្រាស ផ្តល់​ឱកាស​ដល់សហគ្រាស​នៅកម្ពុជា​ទទួល​បានការ​​​បណ្តុះបណ្តាលដោយ​អ្នកផ្តល់ដំណោះស្រាយ​ឌីជីថល និង​អ្នក​ជំនាញដោយ​ផ្តើម​ចេញ​ពី​កម្រិត​មូលដ្ឋាន​ដល់​កម្រិត​ខ្ពស់។

លោក គី សុខគីម នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​បាន​លើក​ឡើងថា​ ការ​ចាប់​យក​បច្ចេកវិទ្យាបា​នទាន់ពេល​ ជួយ​​ម្ចាស់​​សហគ្រាស​​​រក្សា​​បាន​ស្ថេរភាពនៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម​​ ក៏ដូចជា​ជួយ​បង្កើន​ឧត្តមភាពក្នុង​ការ​ប្រកួតប្រជែង​នៅ​លើ​​​ទីផ្សារ។​

លោក​បាន​លើក​ឡើងថា ​តាម​ការ​សិក្សា​កន្លង​មក​ សហគ្រាស​នៅ​កម្ពុជា​តិចតួច​ណាស់​​បាន​ចាប់​យក​បច្ចេកវិទ្យា​យកទៅប្រើប្រាស់ដើម្បី​ជំរុញផលិតភាពនៅក្នុង​ខ្សែ​សង្វាក់​​ផលិតកម្ម។

ដោយ​មានការ​សហការ​ជាមួយ​សមាគម​ធុរកិច្ច​ផ្សេងៗ លោក គី សុខគីម បានគូស​បញ្ជាក់ថា មូលនិធិ​អភិវឌ្ឍ​ន៍​ជំនាញ​ក៏​បាន​ចូលរួម​ផ្តល់​ការ​គាំទ្រ​ដល់​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់អ្នក​ចូលរួម​បាន​​ប្រមាណ​ជាង ៣ ម៉ឺន​នាក់​ លើការ​កសាង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឌីជីថល តាមរយៈការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម ដែល​ឆ្លើយតប​ទៅនឹងតម្រូវការជាក់ស្ដែង​រ​បស់​សហគ្រាស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម