Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ព្រមានចាត់វិធានការចំពោះបុគ្គលដែលយកឈ្មោះលោក ស សុខា ទៅកាងអំពើខុសច្បាប់

បានផុស

នៅ

បុគ្គលណាដែលយកឈ្មោះឧបនាយករដ្ឋមន្ត្រី ស សុខា ទៅអួតអាងគំរាមអ្នកដទៃ ឬកាងអំពើខុសច្បាប់ នឹងត្រូវប្រឈមចាត់វិធានការតាមផ្លូវច្បាប់ ដោយពុំមានការលើកលែងឡើយ សូម្បីតែសាច់ញាតិ។ នេះជាសារព្រមានរបស់អ្នកនាំពាក្យផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ បានព្រមានថា រាល់បុគ្គល រួមទាំងបងប្អូនសាច់ញាតិ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការយកឈ្មោះ យកទំនាក់ទំនង ឬរូបភាពថតជាមួយលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងភរិយារបស់លោក គឺលោកស្រី កែ សួនសុភី ទៅប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ និងលាភសក្ការៈ ជាពិសេសការយកទៅអួតអាងកាងគំរាមអ្នកដទៃ ឬយកទៅធ្វើជាខ្នងបង្អែកនៃអំពើខុសច្បាប់របស់ខ្លួន។ នេះបើតាមសេចក្តីបញ្ជាក់ព័ត៌មាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ។

ការចេញព្រមានបែបនេះ បន្ទាប់ពីមានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឬរូបភាពថតជាមួយលោក ស សុខា ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ។ ជាក់ស្តែង មួយរយៈនេះ មានស្ត្រីម្នាក់ដែលគេស្គាល់ឈ្មោះ ធារ៉ា បានយកឈ្មោះលោក ស សុខា ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថា ត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។

ករណីនេះ អ្នកនាំពាក្យ បានច្រានចោល ហើយបញ្ជាក់ថា ស្រ្តីឈ្មោះ ធារ៉ា គឺពុំជាប់សាច់ឈាមបងប្អូនកម្រិតណាមួយឡើយជាមួយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។ ទង្វើនេះត្រូវបានអ្នកនាំពាក្យ ចាត់ទុកថា បានធ្វើឱ្យមានការយល់ខុស និងប៉ះពាល់ដល់កិត្តិយស និងគុណធម៌របស់លោក ស សុខា និងភរិយា ហើយក៏ជាសកម្មភាពដែលបំពានក្រមព្រហ្មទណ្ឌនៃកម្ពុជាដែរ។

ភ្ជាប់នឹងការព្រមានខាងលើ អ្នកនាំពាក្យ ក៏បានស្នើជនរងគ្រោះ ឬអ្នកពាក់ព័ន្ធ ផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តអំពើមិនគប្បីដូចបានបញ្ជាក់ជូនខាងលើ។ ក្នុងករណីកើតមានអំពើណាមួយគួរឱ្យសង្ស័យ អ្នកនាំពាក្យ ប្រាប់ឱ្យទាក់ទងមកខុទ្ទកាល័យ ដើម្បីជម្រះមន្ទិល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម