ព័ត៌មានជាតិ
អ្នកជំនាញមូលបត្រ ប្រាប់កុំឱ្យប្រញាប់ជឿលើការដាក់ប្រាក់វិនិយោគ ដែលបានផលចំណេញខ្ពស់លឿនពេក
កោះកុង ៖ មន្រ្តីនៃនិយ័តករមូលបត្រ បានប្រាប់ដោយក្រើនរម្លឹកដល់ពលរដ្ឋសុំកុំប្រញាប់ជឿលើការដាក់ប្រាក់វិនិយោគលើគម្រោងវិនិយោគណា ដែលឆាប់បានទទួលផលចំណេញខ្ពស់លឿនពេក ដែលនេះជាអំពើឆបោក និងឆាប់រងគ្រោះថ្នាក់។

ក្នុងសិក្ខាស្តីពីការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រ អគ្គនាយករងនៃនិយ័តករកម្ពុជាដាស់តឿនថា សូមប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុង-ជ្រោយជាមុនសិន ហើយដាក់លុយវិនិយោគគឺមិនទាន់ហួសពេលនៅឡើយទេ។

ហើយសូមកុំប្រញាប់ដាក់ប្រាក់វិនិយោគលឿនពេក។ ករណីប្រសិនបាត់បង់ប្រាក់ ឬទ្រព្យសម្បតិ្តដោយសារការឆបោកអស់ហើយ គឺមិនមានប្រាក់សម្រាប់វិនិយោគនោះទេ។

លោកអគ្គនាយករងនៃនិយ័តករកកម្ពុជាបានបន្តថា អ្នកឆបោក ដឹងច្បាស់ថាវិនិយោគិនត្រូវការចំណេញ មិនចង់ខាតបង់ ប៉ុន្តែមិនមានការវិនិយោគណាមួយដែលគ្មានហានិភ័យនោះទេ ហើយក៏មិនមានការវិនិយោគណា ដែលធានាផ្តល់តែការចំណេញ គ្មានការខាតបង់នោះដែរ។ ការវិនិយោគល្អឥតខ្ចោះ ដែលមិនមានហានិភ័យ គឺជាការឆបោក។ មានតែចំណេះដឹង ការរៀន និងការតាមដានព័ត៌មានជាប្រចាំទេ ដែលអាចការពារ វិនិយោគិន និងសាធារណជន ពីការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងគម្រោងឆបោកផ្សេងៗ។

ដូច្នេះលោក រំពឹងថា វគ្គុបណ្តុះបណ្តាលពីគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ នឹងចែករំលែកព័ត៌មានជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីការពារខ្លួនអ្នក សមាជិកគ្រួសារ មិត្តភកិ្ត និងប្រជាជនខ្មែរ កុំឱ្យក្លាយជនរងគ្រោះដោយសារការឆបោក។ ទៀតសោត ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងវិស័យមូលបត្រផ្ទាល់តែម្តង។

លោក សៀង ធីរិទ្ធ ក៏ស្នើដលអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ខេត្តកោះកុង ចូលរួមសហការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋមូលដ្ឋាន អំពីសកម្មភាពអាជីវកម្មមូលបត្រ ដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់ ដែលប៉ះពាល់ដល់សណ្តាប់-ធ្នាប់សាធារណៈ ក៏ដូចជាប្រយោជន៍សាធារណជន និងសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋខាតបង់លុយកាក់ ដែលរកបានដោយកម្លាំងញើសឈាមយ៉ាងលំបាក។
លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង មើលឃើញថា ការបោះផ្សាយលក់មូលបត្រ ជាសាធារណៈ បានជំរុញឱ្យសកម្មភាពទីផ្សារមូលបត្រ របស់យើងកាន់តែ មានភាពសកម្មខ្លាំងឡើង ហើយក្រុមហ៊ុនបោះផ្សាយផ្ទាល់ក៏ទទួលបាននូវប្រភពហិរញ្ញប្បទានរយៈពេលវែង ទទួលបានការលើកទឹកចិត្តផ្នែកពន្ធ ទទួលបាននិរន្តរភាពអាជីវកម្ម ជាមួយនិងអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងផ្ទៃក្នុង ដែលរឹងមាំជាងមុន ព្រមទាំងបង្កើនបាននូវកេរ្តិ៍ឈ្មោះ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

លោកស្រីអភិបាលស្តីទីខេត្ត ក៏មានមានមោទនភាព ចំពោះសមិទ្ធផលនាពេលបច្ចុប្បន្ន ហើយនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការអភិវឌ្ឍវិស័យដ៏សំខាន់មួយនេះ។ វិស័យហិរញ្ញវត្ថុ គឺជាសរសៃឈាមរបស់សេដ្ឋកិច្ច ហើយវិស័យមូលបត្រ គឺដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យហិរញ្ញវត្ថុ។ ទីផ្សារ មូលបត្រ គឺជាច្រកមួយផ្សេងទៀត នៅក្នុងការផ្តល់នូវប្រភពទុនសម្រាប់សហគ្រាស អាជីវកម្មនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន លើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អ ធ្វើឱ្យមានលំហូរសាច់ប្រាក់នៅក្នុង សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ការវិនិយោគក្នុងប្រទេសអាចទាក់ទាញវិនិយោគិនបរទេស និងបង្កើននូវចំណូលជាតិ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម២ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច