ព័ត៌មានជាតិ
អ្នកនាំពាក្យ រំពឹងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងមានអ្នកចូលរួមផ្ទាល់ជាង ៧ ម៉ឺននាក់ នៅទូទាំងប្រទេស
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រំពឹងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នឹងមានអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង ៧ ម៉ឺននាក់ នៅទូទាំងប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី ១០ មិថុនា នេះ នៅទីស្ដីការក្រសួង លោក ស៊ុន មេសា បានបន្តថា ការរៀបចំទិវាជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសារៈសំខាន់ នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។ ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កំពុងធ្វើការបណ្ដុះបណ្ដាល។ តាំងបង្ហាញពីសមិទ្ធផលស្នាដៃសិស្ស និស្សិត ដែលផលិតបាន នាពេលកន្លងមក នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ បង្ហាញពីតម្រូវការជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅលើទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគតរបស់សហគ្រាស គ្រឹះស្ថាន ផ្នែកឯកជន និងភាគីពាក់ព័ន្ធ។ បង្កើតទំនាក់ទំនងរវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញ។ ផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅគ្រប់កម្រិតសិក្សាប្រមាណ ៦ ម៉ឺននាក់ នៅទូទាំងប្រទេស។ ជំរុញ និងលើកទឹកចិត្ត ឱ្យមហាជនចូលរួមអនុវត្តក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាពតាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុនរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការរៀបចំការធ្វើតេស្តវាយតម្លៃទទួលស្គាល់សមត្ថភាព លើការសិក្សាដែលមានពីមុនផងដែរ។

លោកបានបន្តថា ទិវាជាតិនេះ ក្រសួង នឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ១៣១ ស្មើនឹង ២០៥ ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធពីវាគ្មិនល្បីៗ និងកម្មវិធីសំខាន់ៗ ជាច្រើន។

លោក ស៊ុន មេសា បានលើកទឹកចិត្តដល់សិស្ស និងយុវជន ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការខ្ពស់លើទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសសិស្សានុសិស្ស យុវជន ដែលកំពុងនិងធ្វើការសម្រេចចិត្តថា ត្រូវជ្រើសរើសជំនាញ ឬឯកទេសអ្វីមកបន្តថ្នាក់ឧត្តមសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់ សាលាចំណេះទូទៅ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន