Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ ការរៀបចំសង្ក្រាន្តធ្វើឱ្យយុវជនបានស្គាល់ពីវប្បធម៌ខ្មែរ ជាពិសេស ល្បែងប្រជាប្រិយ

បានផុស

នៅ

អ្នកតាមដានកិច្ចការសង្គម លោកបណ្ឌិត ឈត ប៊ុនថង យល់ឃើញថា ការរៀបចំសង្ក្រាន្តមុនពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានសន្ទុះច្រើនគួរឱ្យកត់សម្គាល់ ដែលជាឱកាសឱ្យយុវជនកម្ពុជាបានយល់ដឹងពីវប្បធម៌ ប្រពៃណីខ្មែរ ជាមួយគ្នានោះ ការចូលរួមលេងល្បែងប្រជាប្រិយអាចឱ្យយុវជនស្រឡាញ់ ជួយថែរក្សា និងអភិរក្សបន្តពីដូនតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានឱ្យដឹងថា ទន្ទឹមនឹងការរៀបចំសង្ក្រាន្តផុសផុលនេះ គួរមានការរៀបចំឱ្យកាន់តែប្រសើរថែមទៀតដែលមានលក្ខណៈជាប្រពៃណីខ្មែរ និងជំរុញឱ្យមានការលេងល្បែងប្រជាប្រិយឱ្យបានច្រើន ជាពិសេស គឺល្បែងប្រជាប្រិយ របាំខ្មែរ ដែលប្រទេសជិតខាងដែលមានវប្បធម៌ស្រដៀងនឹងកម្ពុជាមិនមាន។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា៖ ក្នុងឱកាសរៀបចំសង្ក្រាន្តនេះ បើសិនជាគណៈកម្មារៀបចំបានល្អ យុវជនបានទៅចូលរួមលេងសប្បាយ អនុវត្តជាក់ស្តែងនូវអ្វីជាប្រពៃណីទំនៀមទម្លាប់ ឬក៏ចូលលេងល្បែងប្រជាប្រិយហ្នឹង ហើយគាត់បានលេងសប្បាយ គាត់យល់ដឹង គាត់ចេះ គាត់ចងចាំ និងក៏ស្រឡាញ់ប្រពៃណីទំនៀមទម្លាប់របស់យើងដែរ។ លោក បន្តថា ប្រសិនជាបានរៀបចំសង្ក្រាន្តជាបន្តបន្ទាប់ ក្មេងជំនាន់ក្រោយ បានចូលរួម បានលេងកម្សាន្ត នាំពួកគេចងចាំពីប្រពៃណីទាំងអស់នោះ។

លើសពីនេះ លោកបណ្ឌិត យល់ថា ការរៀបចំសង្ក្រាន្តជារៀងរាល់ឆ្នាំគឺជារឿងដ៏ល្អ ក្រៅពីអាចឱ្យយុវជនបានចូលរួម ក៏ជាឱកាសឱ្យយុវជនចេះធ្វើការរួមគ្នា រៀនចាត់ចែងការងារជាក្រុម និងការគ្រប់គ្រងបានល្អផងដែរ។

បច្ចុប្បន្ន ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា នាំឱ្យប្រេងឡើងថ្លៃ បណ្ឌិត ឈត ប៊ុនថង ថា មិនអាចជាបញ្ហាធ្វើឱ្យកម្ពុជាបោះបង់វប្បធម៌ ឬមិនរៀបចំកម្មវិធីបុណ្យប្រពៃណីឡើយ ពោល គឺលោកយល់ស្របចំពោះការរៀបចំសង្ក្រាន្ត និងកម្មវិធីប្រពៃណីផ្សេងៗ ក្នុងរូបភាពសមស្របណាមួយតាមសហគមន៍រៀងៗខ្លួន ចៀសវាងការរៀបចំនៅកន្លែងដែលឆ្ងាយពិបាកដល់ការធ្វើដំណើររបស់ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម