Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះវិហារ​​ដែល​​រង​​ថៃ​​ឈ្លានពាន​​នៅ​តំបន់មុំ ៣ មាន​​ព្រំដែន​ជាប់​ប្រទេស​ថៃ​ប្រវែង ១២៩ គីឡូម៉ែត្រ

បានផុស

នៅ

ខេត្តព្រះវិហារ គឺជាខេត្តមួយ​ក្នុងចំណោម​រាជធានីខេត្តទាំង ២៥ ស្ថិតនៅភាគឧត្តរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបានបង្កើត​ឡើង​ដោយព្រះរាជក្រមលេខ ១៩៤ ប.រ ចុះថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ១៩៦៤ និង​មានចម្ងាយផ្លូវប្រវែង ៣០០​គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិសាស្រ្ត​ខេត្ត​ព្រះវិហារ

ខេត្ត​ព្រះវិហារ មានព្រំប្រទល់ខាងកើតទល់​នឹង​ខេត្តស្ទឹងត្រែង ខាងលិច​ទល់នឹងខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ខាង​ត្បូង​ទល់នឹង​ខេត្តកំពង់ធំ និង​ខាងជើង​ទល់នឹង​ប្រទេសថៃប្រវែង ១២៩​ គីឡូម៉ែត្រ និង​ប្រទេសឡាវ​ប្រវែង ១៤០​គីឡូម៉ែត្រ (៩៣ គីឡូម៉ែតជាប់នឹងស្រុកឆែប និង ៤៧​ គីឡូម៉ែត្រ ជាប់​នឹងស្រុកជាំក្សាន្ត) ព្រមទាំងមានស្ទឹងសែន ១ ខ្សែ ដែលមានប្រភពមក​ពីស្រុក​ជាំក្សាន្ត​ហូរកាត់​ភូមិសាស្ត្រ​ខេត្តព្រះវិហារមានប្រវែង ២១៣ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់​ឃុំ​កំពង់ស្រឡៅ​មួយ និងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប មានប្រវែង ២៤ គីឡូម៉ែត្រ (ជាប់​ព្រំដែន​ប្រទេស​ឡាវ)។

ខេត្តមាន​ផ្ទៃដីសរុប ១៣.៨២១,៧៦ គីឡូម៉ែត្រការ៉េ ចែកជា ៧ ស្រុក ១ ក្រុង ៤៩ ឃុំ ២ សង្កាត់ និង ២៣២ ភូមិ មាន​ប្រជាពលរដ្ឋសរុបរស់នៅ​ចំនួន ៦៤,៨៤៦ គ្រួសារ ស្មើនឹង​ចំនួនមនុស្ស ២៦០ ៨៦១នាក់ ស្រី ១៣១,៩៦៩នាក់ ជាមួយ​ដង់ស៊ីតេប្រជាពលរដ្ឋ ១៩ នាក់ក្នុង ១ គីឡូម៉ែត្រក្រឡា ។

សក្តានុពល​នៃ​ខេត្ត​ព្រះវិហារ

ខេត្ត​ព្រះវិហារ​មាន​វិសាលភាព​ផ្ទៃដីធំទូលាយ ដែនដី​ប្រកប​ដោយ​ជីវជាតិ ហើយ​ពលរដ្ឋប្រមាណ ៨០% ​​មានមុខរបរ​ចម្បង​​ធ្វើកសិកម្ម។

ខេត្តមានសក្កានុពលធ្វើកសិកម្មសរីរាង្គ និងជាប្រភពផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេ និង​នាំ​ចេញ​ទៅកាន់​ទីផ្សារអន្តរជាតិឈានមុខគេ។

សហគមន៍កសិកម្មសរុបចំនួន ៤៣ សហគមន៍ ត្រូវបានចុះបញ្ជីទទួល​ស្គាល់​ជាសហគមន៍កសិកម្មស្របច្បាប់​ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តព្រះវិហារ។ មុខរបរសំខាន់ៗរបស់សហគមន៍កសិកម្ម​ផ្តោត​លើការធ្វើ​ឥណទាន​កសិកម្មខ្នាតតូច ផ្គត់ផ្គង់​សម្ភារ​កសិកម្ម ធ្វើរបរទីផ្សារ និងបានចុះកិច្ចសន្យាទិញលក់ ផលិតផល​​​សរីរាង្គ​ដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ និងគ្រាប់ស្វាយចន្ទីសរីរាង្គ។

វិស័យធនធានទឹក ក៏ជាផ្នែកមួយ​សំខាន់​សម្រាប់​កិច្ចការងារ​កសិកម្ម ដោយ​ខេត្ត​មាន​​ប្រព័ន្ធ​ធារាសាស្ត​ចំនួន ៣១ កន្លែង​ជាពិសេស​ទំនប់​អាង​ទឹក​រក្សា​ ដែល​ជា​ប្រភេទអាងទឹក​មួយ​ក្នុង​ចំណោម​អាងទឹក ២ (មួយទៀត​គឺដងកាំបិត) ដែល​យក​ប្រភព​​ទឹក​ពី​ស្ទឹងសែន។

ទំនប់​អាង​ទឹករក្សា​ មាន​លទ្ធភាព​រក្សាទឹក​ទុកក្នុងរដូវវស្សាបានចំនួនប្រមាណ ២៥៦,៩ លាន​ម៉ែត្រគូប និងអាច​ផ្គត់ផ្គង់ទឹក​ស្រោច​ស្រប បង្ក​បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ ១៤៣.៣២៣ ហិកតានៅរដូវវស្សា និង​ប្រមាណ ២២.៨៧៨ ហិកតានៅរដូវប្រាំង។ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាង​សំខាន់​ ក្នុង​ការកាត់បន្ថយនូវគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងអាច​ផ្គត់ផ្គង់ទឹកស្អាត​តាម​តំបន់មួយ​ចំនួន​នៅ​ផ្នែក​ខាងក្រោម។

វិស័យហេដ្ឋារចនាសម្ព័ន្ធ មាន​បណ្តាញ​ផ្លូវ​ជាតិ​សំខាន់​ៗ​មកកាន់​ខេត្តព្រះវិហារ កាត់​តាម​ផ្លូវជាតិលេខ ៦ និងផ្លូវជាតិ​លេខ​៦២។ ខេត្តបានបន្តការស្ដារហេដ្ឋារចនាសម្ព័ន្ធផ្តោតសំខាន់លើការងារកសាង ជួសជុល ថែទាំ ផ្លូវ​ជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទឲ្យមានគុណភាពខ្ពស់ក្នុងគោលបំណងតភ្ជាប់ បណ្តាញ​ផ្លូវពីទីរួមខេត្តទៅស្រុក ពីស្រុកទៅស្រុក និងពីស្រុកទៅឃុំ ដើម្បីរួមចំណែកកាត់បន្ថយភាព​ក្រីក្រ និងជំរុញកំណើន​សេដ្ឋកិច្ចរបស់ខេត្ត។

វិស័យរ៉ែ និងថាមពល ខេត្តព្រះវិហារសម្បូរទៅដោយធនធានរ៉ែរួមមាន ៖ រ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែ លោហៈ​​ផ្សេងៗទៀត ដែលគ្រប់ដណ្តប់ស្ទើរទូទាំងខេត្ត ហើយមកទល់ពេលនេះ​មានក្រុមហ៊ុនចំនួន ២២​ ក្រុមហ៊ុន ដែលបានកំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវក្នុងនោះមាន ៖

-អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមានចំនួន ០៣ក្រុមហ៊ុន -អាជ្ញាបណ្ណសិក្សាស្រាវជ្រាវធនធានរ៉ែមានចំនួន ០៩ក្រុមហ៊ុន
-អាជ្ញាបណ្ណ​អណ្ដូងរ៉ែ បើក​និងការដ្ឋានវាយថ្មមានចំនួន ១០ក្រុមហ៊ុន

ដោយឡែក ចំពោះការផ្គត់ផ្គង់អគ្គីសនី ដោយ​មានកិច្ចសហប្រតិបត្តិការ​ជាមួយខេត្តចម្ប៉ាសាក់ប្រទេស​ឡាវ បានភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង និងពង្រីក​បណ្តាញ​អគ្គិសនី​ប្រើប្រាស់​បាន​ទូទាំង​ខេត្ត។

វិស័យទេសចរណ៍ ក៏មានសក្តានុពលនៅក្នុងខេត្តផងដែរ ដែលខេត្តព្រះវិហារ​គឺជាខេត្ត​ចាត់​ក្នុង​លំដាប់​ថ្នាក់​ទី២ នៃខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរបន្ទាប់ពីខេត្តសៀមរាប និងជា​ខេត្ត​ដែលសេសសល់ព្រៃឈើមានលក្ខណៈធម្មជាតិ ដែលកំពុងត្រូវបានអភិរក្សការពារពីគ្រប់ភាគី​ពាក់ព័ន្ធ​ដោយស្មារតីទទួលខុសត្រូវ​ក្នុងការរក្សាឲ្យបាន​នូវភាពគង់វង្សយូរអង្វែង។

ជាមួយគ្នានេះ ខេត្តក៏​មាន​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ភ្ញៀវទេសចរ​មកទស្សនា​កម្សាន្ត​មាន​ចំនួន ២៧ កន្លែង ក្នុង​នោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ០៥ កន្លែង, សារមន្ទីរ ០១កន្លែង, សហគមន៍ ១០ កន្លែង វត្ត​គោលដៅ​ទេសចរណ៍ ៣ កន្លែង និង​កន្លែង​សក្ដានុពល​ទេសចរណ៍ ៨​ កន្លែង​។

អាជីវកម្មទេសចរណ៍ខេត្តមានសណ្ឋាគារចំនួន ៤ កន្លែង ម៉ូតែលមានចំនួន ៣កន្លែង ផ្ទះភ្ញៀវ​មាន​ចំនួន ៣៨ កន្លែង និង​ភោជនីយដ្ឋាន-អាហារដ្ឋាន ចំនួន ៦៦កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម