ព័ត៌មានជាតិ
រយៈពេល២ឆ្នាំ កាយរឹទ្ធិជាតិកម្ពុជាកើនសមាជិកជាង១៨ម៉ឺននាក់ ដើរតួនាទីសំខាន់នៅក្នុងវិស័យអប់រំ
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញអំពីការវិវត្តរីកចម្រើនរបស់កាយរឹទិ្ធជាតិកម្ពុជា ដែលមានកំណើនសមាជិករហូតដល់ជាង១៨ម៉ឺននាក់ ទូទាំងប្រទេស។ កាយរឹទិ្ធជាតិកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។

របាយការណ៍ខាងលើ ត្រូវបានបង្ហាញនៅក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកាយរឹទិ្ធ មកពីក្រសួង ស្ថាប័ន រាជធានីខេត្ត ក្រុងស្រុកខណ្ឌ សរុបប្រមាណ ១ពាន់នាក់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ គោល នយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកាយរឹទ្ធិជាតិកម្ពុជា ដែលបានបំពេញភារកិច្ច និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែង និងជំរុញការអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ជុំវិញពិភពលោក និងបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល ព្រមទាំងមានភក្តីភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាព ដោយផ្តោតលើការពង្រឹងគុណភាព សាលារៀនរដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងបញ្ចូលកម្មវិធីកាយរឹទិ្ធកម្មទៅក្នុង សកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ដើម្បីជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅជំរុញចលនាកាយរឹទិ្ធ ឱ្យក្លាយជាយន្តការមួយដ៏មានប្រសិទ្ធភាព ក្នុងការអប់រំ និងហាត់ពត់លត់ដំទាំងគំនិត ប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទារបស់យុវជន និងកុមារឱ្យសកម្ម ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនទៅជាធនធានមនុស្ស ប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ជាពលរដ្ឋល្អ និងជាពលរដ្ឋសកល ស្របតាមចក្ខុវិស័យរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺ “កសាងពិភពលោកមួយដ៏ស្រស់ត្រកាល”។

ដើម្បីពង្រីកចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យកាន់តែរីកចម្រើន និងស័ក្តិសមជាសមាជិក សកម្មរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់អភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេក្លាយជាសមាជិកកាយរឹទិ្ធ និងជាបុគ្គលមានប្រយោជន៍ចំពោះសង្គមជាតិ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


