Connect with us

ព័ត៌មានជាតិ

ការស្ទង់មតិAVI ៖ពលរដ្ឋជាង៩៣,៦% ពេញចិត្តនឹងចំណាត់ការរាជរដ្ឋាភិបាលរឿងព្រំដែន និង៩៩,៨% គាំទ្រការប្តឹងទៅICJ

បានផុស

នៅ

ការស្ទង់មតិមួយរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរប្រមាណជាង៩៣,៦% ពេញចិត្តនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែនកម្ពុជា-ថៃ ខណៈប្រជាពលរដ្ឋ៩៩,៨% បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលនាំយកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)នៅថ្ងៃពុធនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិលើជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃនេះ គឺវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានធ្វើការប្រមូលទិន្នន័យបឋមតាមរយៈប្រព័ន្ធអនឡាញ និងសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ១.៥៨៨នាក់ ក្នុងនោះ មានអ្នកឆ្លើយសំណួរជាយុវជន វ័យកណ្តាល ​និងវ័យចំណាស់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា រួមមាន ពលករក្នុង និងក្រៅស្រុក បុគ្គលិកឯកជន មន្រ្តីរាជការ និស្សិត ក្រុមផ្សេងៗ និងអាជីវករ។ តាមរយៈការស្ទង់មតិនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានរកឃើញថា ប្រជាជនកម្ពុជាច្រើនលើសលប់ជាង៩៣,៦% ពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ ប្រជាជន៩៩,៨% គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ក្នុងនោះ ប្រជាជនជនបានផ្តល់តម្លៃលើការចរចាទ្វេភាគី២៩.៣% ដរាបណាមានការភ្ជាប់ជាមួយតុលាការអន្តរជាតិ ហើយប្រជាជនតិចតួចប្រមាណ១.១% មានជំនឿលើការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់តែមួយមុខ។ វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានអះអាងថា ក្នុងចំណោមអ្នកចូលរួមក្នុងសម្រង់មតិខាងលើ ស្ទើរតែគ្មាននរណាម្នាក់(ប្រមាណ០.២%) បានជ្រើសរើសមាគ៌ាសង្រ្គាម។

ដោយឡែក បើតាមការស្ទង់មតិដដែល វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ក៏បានរកឃើញថា ប្រជាជនកម្ពុជា៨៨,៧% ពេញចិត្តចំពោះចំណាត់ការបិទព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបចំពោះការបិទព្រំដែនជាឯកតោភាគីដោយយោធាថៃ។ លើសពីនេះ ប្រជាជនកម្ពុជា៨៨,៦% គាំទ្រការប្រើប្រាស់ទំនិញក្នុងស្រុក។ រីឯ ប្រជាជនកម្ពុជា៧៣,៨% ជឿថា ទំនាស់ព្រំដែននេះបង្កដោយយោធាថៃ ហើយ២៣.១% ជឿថាបង្កដោយពួកជាតិនិយមជ្រុលថៃ ហើយប្រជាជនកម្ពុជាយល់ថា រដ្ឋាភិបាលថៃមានអំណាចតិចតួចនៅក្នុងឥទ្ធិពលនៃការគ្រប់គ្រងរដ្ឋរបស់ថៃ។

ចំពោះការឆ្លើយតបទៅនឹងវិធានការដាក់កងកម្លាំងប្រដាប់អាវុធឱ្យត្រៀម២៤ម៉ោងលើ២៤ម៉ោងវិញ ប្រជាជនកម្ពុជា៩៥,៨% គាំទ្របុព្វហេតុការពារជាតិរបស់កងយោធពលខេមរភូមិន្ទ ដើម្បីតៀមទប់ស្កាត់ និងឆ្លើយតបចំពោះការឈ្លានពានរបស់យោធាថៃ។ នេះបើតាមវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានសន្និដ្ឋានថា រាជរដ្ឋាភិបាលកម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ មានភាពម្ចាស់ការ និងមានបទពិសោធន៍ចាស់ទុំផ្នែកនយោបាយ មានយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយស៊ីជម្រៅ និងវែងឆ្ងាយក្នុងការដោះស្រាយបញ្ហាជម្លោះតំបន់ព្រំដែនជាមួយថៃ។ សម្រាប់វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) ប្រជាជនកម្ពុជាទូទៅគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការដោះស្រាយជម្លោះតំបន់ព្រំដែនជាមួយថៃ ដោយទទួលបានព័ត៌មាន និងការពន្យល់ច្បាស់លាស់ ត្រឹមត្រូវ និងម៉ឺងម៉ាត់ពីមេដឹកនាំកម្ពុជា។ ក្នុងន័យនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានគូសបញ្ជាក់ថា កម្ពុជាជ្រើសរើសយកដំណោះស្រាយដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ជាពិសេស តាមយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីថែរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង និងសម្រាប់ជាឧត្តមប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម