ព័ត៌មានជាតិ
យុទ្ធសាស្ត្រគំរាមរបស់ថៃ សម្ដេច ហ៊ុន ម៉ាណែត ថា កម្ពុជាមិនខ្លាច ហើយអាចកំដរលេងបាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា បានផ្ញើសារទៅកាន់រដ្ឋាភិបាលថៃ ថា យុទ្ធសាស្ត្រគំរាម គឺកម្ពុជាមិនខ្លាច ហើយសម្ដេច អះអាងថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងរាល់ការគំរាមរបស់ថៃ ដោយមិនបណ្ដោយឱ្យថៃធ្វើតាមទំនើងចិត្តឡើយ។

ថ្លែងចេញពីខេត្តសៀមរាប ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយថា៖ «កម្ពុជាមានពេលវេលាដែរ ភាពទន់ភ្លន់របស់យើង តែបើអ្នកឯងបំពាន ត្រូវតែឆ្លើយតប យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់វិធានការដើម្បីការពារមុខមាត់ជាតិ និងអធិបតេយ្យភាពជាតិ»។
ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺបានកើតឡើងខណៈដែលប្រទេសថៃ បានព្យាយាមប្រកាសដាក់សម្ពាធ ឬការគំរាមបិទនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយកម្ពុជា បន្ទាប់ពីមានភាពចម្រូងចម្រាសលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាអាទិ៍ ថៃបានបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី ក៏ដូចជាការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត និងថ្មីៗនេះ ការគំរាមបិទការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នមកកម្ពុជា។

ប៉ុន្តែការគំរាមកំហែងទាំងនេះ មិនបានបង្កជាបញ្ហាប្រឈមដល់ប្រទេសកម្ពុជាឡើយ ហើយផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។ ចំពោះវិធានការបិទច្រកព្រំដែន មុនពេលមានបញ្ហាព្រំដែន គឺបើកម៉ោង៦ព្រឹក បិទម៉ោង១០យប់។ តែក្រោយការបិទដោយទំនើងចិត្តពីភាគីថៃ គឺកម្ពុជាបើកម៉ោង៩ព្រឹក ខណៈថៃបើកម៉ោង៨ព្រឹក ហើយបិទម៉ោង៤រសៀលដូចគ្នា។
បន្ថែមពីនេះ កម្ពុជា ក៏បានឆ្លើយតបនឹងវិធានការបិទការនាំចូលនូវបន្លែ ផ្លែឈើពីប្រទេសថៃតាមច្រកទ្វារព្រំដែនទាំងអស់ផងដែរ។ ដោយឡែក ថ្មីៗនេះ ក្រោយមន្ត្រីបក្សប្រឆាំងមួយរបស់ថៃ ចង់ឱ្យរដ្ឋាភិបាលថៃបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនានេះតែម្ដង។

សម្ដេចធិបតី អះអាងថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា គឺមានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។
នៅក្នុងវេទិកា ស.ស.យ.ក សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាប្រើយុទ្ធវិធីប្រៀបដូចជាពស់ គឺនៅស្ងាត់ស្ងៀម តែបើមករញ៉េរញ៉ៃ ចឹកតែម្ដង។ សម្ដេចថា ទាំងនេះគឺចាប់ផ្ដើមដោយឯកតោភាគីដោយថៃខ្លួនឯង កម្ពុជាមិនមែនជាអ្នកផ្ដើមមុននោះឡើយ។ កម្ពុជាទន់ភ្លន់ ប៉ុន្តែបើប្រទេសជិតខាងបំពាន កម្ពុជាត្រូវតែមានវិធានការឆ្លើយតប ដើម្បីការពារនូវអធិបតេយ្យជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


