ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះលុបបំបាត់ដេប៉ូសំរាម ២ ទីតាំង នៅសង្កាត់ចោមចៅទី ៣ ដើម្បីធានាបរិស្ថានស្អាត និងសុខភាពសាធារណៈ
កាលពីព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះលុបបំបាត់ដេប៉ូសំរាមខុសច្បាប់ចំនួន ២ ទីតាំង ស្ថិតនៅផ្លូវតាកនមហាវិថីឈ្នះឈ្នះ (ជិតស្ថានីយប្រេង PTT) មូលដ្ឋានសង្កាត់ចោមចៅទី ៣។ សកម្មភាពនេះ មានគោលបំណងចម្បងក្នុងការជួយឱ្យសោភណភាពទីក្រុង បង្កើនអនាម័យបរិស្ថាន និងការពារសុខភាពសាធារណៈ និងជំងឺផ្សេងៗ ដែលកើតឡើងចេញពីសំណល់សំរាម។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលការងារបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ បានប្រាប់កម្ពុជាថ្មីថា ដោយទទួលបានការណែនាំ និងយកចិត្តទុកដាក់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឱ្យរូបលោក ដឹកនាំក្រុមការងារ សហការជាមួយក្រុមហ៊ុន Mizuda យករថយន្ត ដើម្បីធ្វើការដឹកសំរាមចេញពីតំបន់។ បន្ថែមនោះ លោកបានជូនដំណឹងដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ឱ្យមានការយល់ដឹង និងកុំឱ្យប្រើទីតាំងសាធារណៈជាកន្លែងចាក់សំរាមខុសច្បាប់។ ក្នុងនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាបរិស្ថាន សម្រាប់ទីក្រុងស្អាត និងលំនៅឋានស្អាតទាំងអស់គ្នា។

លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ សង្កត់ធ្ងន់ថា នេះជាកំហុសរបស់ ក្រុមហ៊ុន Mizuda។ បញ្ហាការប្រមូលសំរាមនេះ លោកធ្លាប់បានជូនដំណឹងទៅក្រុមហ៊ុន Mizuda ដែលទទួលបន្ទុកប្រមូល ខណ្ឌពោធិ៍សែនជ័យ តែក្រុមហ៊ុនបានឆ្លើយដូចនេះ «ទីតាំងសំរាមខាងលើមិនមែនបន្ទុករបស់ក្រុមហ៊ុនទេ» ដោយមានន័យថា សំរាមនោះគ្មានប្រភពច្បាស់លាស់។ ទើបនៅព្រឹកនេះ លោក បានដឹកនាំក្រុមការងារ និងហៅក្រុមហ៊ុនចុះប្រមូលចេញឱ្យអស់តែម្ដង និងឈប់ឱ្យមានការចោលសំរាមនៅទីតាំងនេះបន្តទៀត បើជនណាល្មើស ហើយកម្លាំងចាប់បាន នឹងមានវិធានការផាកវិន័យ។

ដោយឡែក លោក ម៉ែន សោភា តំណាងក្រុមហ៊ុន Mizuda បានលើកឡើងថា ដោយកំណើនប្រជាពលរដ្ឋច្រើន សំរាមក៏កើនឡើងច្រើន តែទោះជាយ៉ាងណាក្រុមហ៊ុនកំពុងធ្វើបច្ចុប្បន្នភាពបន្ថែមការដឹកជញ្ជូនសំរាមតាមតែអាចធ្វើទៅបាន។ ចំណែកឯសំរាមនេះ មិនមែនបន្ទុករបស់ក្រុមហ៊ុនត្រូវប្រមូលនោះទេ។ ក្រុមហ៊ុន ប្រមូលតែសំរាមដែលជាកាកសំណល់ផ្ទះបាយតែប៉ុណ្ណោះ តែសំរាមនេះជាក់ស្ដែងជាកាកសំណល់រោងចក្រ សហគ្រាស ជាពិសេសអ្នកលក់ដូរចល័ត។

លោក ងួន ស៊ីផេង ប្រធាននាយកដ្ឋានគ្រប់គ្រង និង ផ្តល់សេវា នៃសហគ្រាសគ្រប់គ្រងកាកសំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ដែរថា ចំពោះប្រជាពលរដ្ឋដែលចោលសំរាមនៅតាមទីសាធារណៈ ក៏មានការផាកពិន័យ និងអប់រំខ្លះដែរ ដើម្បីឱ្យពួកគាត់យល់ដឹងពីការវេចខ្ចប់ទុកដាក់សំរាម នេះយោងទៅតាមអនុក្រឹត្យ លេខ ១១៣ ចេញដោយរាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងកាកសំណល់រឹងនៅទីប្រជុំជន។ តែទោះជាយ៉ាងណា នាយកដ្ឋាន ក៏បានព្យាយាមធ្វើការអប់រំណែនាំឱ្យច្រើន ជៀសវាងការផាកពិន័យ ទោះបីមានអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាលក៏ដោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


