Connect with us

ព័ត៌មានជាតិ

តំណាងកម្មវិធីអភិវឌ្ឍន៍ UN ប្រចាំកម្ពុជា ប្តេជ្ញាចូលរួមគាំទ្រការបោសសម្អាតមីននៅកម្ពុជា

បានផុស

នៅ

លោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភភាពមីនរបស់កម្ពុជា និងបង្ហាញជំហរប្តេជ្ញាគាំទ្រដល់ការបោសសម្អាតមីន ដោយបញ្ជាក់ថាព្រោះជាសកម្មភាពមួយជួយកសាងជីវិតប្រជាជនឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ពាក់កណ្តាលឆ្នាំ២០២៥ កាលពីថ្ងៃទី​០៤ ខែកក្កដា។ កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទសំខាន់ៗមួយចំនួន របាយការណ៍ស្តីពីលទ្ធផលការអនុវត្តគម្រោង៥ខែ ដើមឆ្នាំ២០២៥ ការវាយតម្លៃបញ្ចប់គម្រោងដំណាក់កាលទី៤ សេចក្តីព្រាងឯកសារសម្រាប់គម្រោងដំណាក់កាលបន្ទាប់ និងប្រធានបទផ្សេងៗ។

លោកស្រីបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។

លោកស្រី Alissar Chaker ក៏បានកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដោយគូសបញ្ជាក់ថាសកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ លើសពីនេះ លោកស្រីក៏បានកោតសរសើរខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលបានលើកមុខមាត់របស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យសកម្មភាពមីន។  

ក្នុងជំនួបនោះ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ខែមីនា ឆ្នាំ២០២៥ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ៣.៣៥០ គីឡូម៉ែត្រការ៉េដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។

ក្នុងនោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួនប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ និងមានអ្នកទទួលផលចំនួនជាង ១,២ លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។ កិច្ចប្រជុំក៏បានលើកឡើងនូវប្រធានបទការរៀបចំបង្កើតគម្រោងសម្រាប់ដំណាក់កាលបន្ទាប់ផងដែរ។ 

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី បញ្ញារិទ្ធិ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួរ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រ។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (២០២០-២០២៥) ផ្តោតលើខេត្តចំនួន ៣ គឺបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពង្រីកការបោសសម្អាតមីនបន្ថែមនៅក្នុងឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៦,៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី ប្រទេសនូវែល ហ្សេឡង់ សាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសលុចសំបួ និង UNDP ដែលចែកចេញជាសកម្មភាពធំៗបីគឺ។

សកម្មភាពទាំងនោះរួមមាន ទី១៖ គាំទ្រប្រតិបត្តិការបោសសម្អាតមីន ទី២៖ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វផ្សាយទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីនដើម្បីតម្រង់ទិស គ្រប់គ្រង សម្រប​សម្រួល ត្រួតពិនិត្យវិស័យមីនឱ្យមានប្រសិទ្ធភាព អនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ និងកសាងសមត្ថភាពដើម្បីដោះស្រាយការគម្រាមដែលនៅសេសសល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម