ព័ត៌មានជាតិ
អាម៉េរិកបញ្ជាក់ពីការផ្ដល់កិច្ចសហការជាមួយកម្ពុជា ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញ
អាម៉េរិក បញ្ជាក់ពីការផ្ដល់កិច្ចសហការជាមួយភាគីកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ខណៈសកម្មភាពនេះបាននិងកំពុងបង្កការគំរាមកំហែង និងបង្កអសន្តិសុខទាំងក្នុងពិភពលោក និងតំបន់។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយភារធារីស្ដីទីអាម៉េរិកនៅកម្ពុជា លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ក្នុងជំនួបជាមួយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមខ្លឹមសារដែលចេញផ្សាយដោយព្រឹទ្ធសភា ក្នុងជំនួបនោះ លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានចែករំលែកពីការព្រួយបារម្ភអំពីបទល្មើសឆបោកតាមអនឡាញ ដែលបាននិងកំពុងកើតមានឡើងនៅទូទាំងពិភពលោក និងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងន័យនេះ លោកស្រីភារធារីស្ដីទី បានបង្ហាញនូវក្ដីសង្ឃឹមថា កម្ពុជា និងអាម៉េរិក នឹងបន្តធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលជាក្ដីកង្វល់រួមពេលនេះ។ ការលើកឡើងរបស់មន្ត្រីទូតអាម៉េរិកដូច្នេះ បានធ្វើក្នុងពេលដែលកម្ពុជាកំពុងបើកប្រតិបត្តិការចុះបង្ក្រាបនៅទូទាំងប្រទេសលើទីតាំងដែលបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសរងគ្រោះ ដោយសារបទល្មើសឆបោកតាមអនឡាញ ដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសជាច្រើនក្នុងសកលលោក។ តែយ៉ាងណាក្ដី លោក បញ្ជាក់ថា កម្ពុជាមានឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ។ ជាក់ស្ដែង ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបើកយុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញនៅទូទាំងប្រទេស តាមរយៈការបង្កើតឱ្យមានគណៈកម្មការចំពោះកិច្ចមួយ ដែលដឹកនាំដោយសម្តេចផ្ទាល់ ជាមួយនឹងការដាក់ចេញវិធានការមុតស្រួចក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា។
ឆ្លើយតបនឹងក្ដីកង្វល់របស់អាម៉េរិក លោកអនុប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅកាន់លោកស្រីភារធារីស្ដីទីអាម៉េរិក ថា ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ គួរតែបណ្តាប្រទេសដែលមានប្រជាជនរងគ្រោះ ខិតខំអប់រំ និងផ្សព្វផ្សាយអំពីល្បិចកល និងផលវិបាកនានាឱ្យបានទូលំទូលាយដល់ប្រជាជនខ្លួនពាក់ព័ន្ធអំពើឆបោកនេះ។

គួរជម្រាបថា ក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានីខេត្តទូទាំងប្រទេស បានផ្ដើមបញ្ចេញសាច់ដុំ តាមរយៈការអនុវត្តវិធានការក្តៅ ដោយចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញជាបន្តបន្ទាប់នៅតាមទីតាំងជាច្រើនរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់ ជាដើម។ បើតាមលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរយៈពេល២០ថ្ងៃ រាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកក្កដា កម្ពុជាបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជិត ១៤០០នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


