Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា៖កម្លាំងសាមគ្គីរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា អាចជួយឱ្យយើងយកប្រៀបឈ្នះលើពួកឈ្លានពានបាន

បានផុស

នៅ

អនុប្រធាន និងជាអគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឌី វិជ្ជា បានអះអាងថា ក្នុងពេលដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពាន និងការគំរាមកំហែងផ្នែកសន្តិភាព និងសន្តិសុខពីប្រទេសថៃ គឺកម្លាំងសាមគ្គីរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា អាចជួយឱ្យកម្ពុជាយកប្រៀបឈ្នះលើពួកឈ្លានពានបាន។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញលើកទឹកចិត្តដល់ប្រជាពករដ្ឋឱ្យយកចំណេះជំនាញដែលខ្លួនមាន ចូលរួមចំណែកជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា បានអះអាងបែបនេះក្នុងពេលដែលឯកឧត្តមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាយុវជន-បញ្ញវន្ដមុស្លីម២១ លើកទី២ ឆ្នាំ២០២៥ នៅសកលវិទ្យាល័យប៊ែលធីអន្តរជាតិសាខាចោមចៅ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ឌី វិជ្ជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការដែលបានរៀបចំវេទិកាវេទិកាយុវជន-បញ្ញវន្ដមុស្លីមនេះឡើង។ ស្របពេលគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកាយុវជន-បញ្ញវន្ដមុស្លីម២១ ដែលនឹងផ្តល់ជាចំណេះដឹង បំណិន និងជំនាញថ្មីៗសម្រាប់យុវជនក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអាចរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ជាមួយនឹងការលើកឡើងពីបញ្ហាវេទិកាយុវជន-បញ្ញវន្ដមុស្លីមនេះ ឯកឧត្តម ឌី វិជ្ជា ក៏ឆ្លៀតលើកឡើងពីបញ្ហាប្រទេសជាតិដែលកំពុងមានជម្លោះព្រំដែនជាប្រទេសថៃផងដែរ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ត្រូវបានទទួលរងការគំរាមកំហែងផ្នែកសន្ដិភាព និងសន្តិសុខពីប្រទេសជិតខាង កម្លាំងសាមគ្គីរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិកម្ពុជា បាន និងកំពុងជួយឱ្យយើងអាចស្វែងរកយុត្តិធម៌សម្រាប់ប្រទេសជាតិយើង និងអាចយកប្រៀបឈ្នះលើពួកឈ្លានពានបាន។ ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវបន្តចូលរួមចំណែកឱ្យកាន់តែផុសផុលតាមចំណេះ ជំនាញរៀងៗខ្លួន គំាទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា»។

ជាការកត់សម្គាល់ បន្ទាប់ពីប្រទេសកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ រហូតដល់មានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ បានចូលរួមចំណែកជួយលើកទឹកចិត្តដល់កងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ ជួយឧបត្ថម្ភទាំងថវិកា ស្បៀងអាហារ រួមទាំ ងសម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។​ ចំណែក ប្រជាពលរដ្ឋដែលជាជនភៀសសឹកវិញ ក៏ទទួលបានការជួយឧបត្ថម្ភទៅតាមលទ្ធភាពពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស និងប្រជាពលរដ្ឋនៅក្រៅប្រទេសផងដែរ។

ដោយឡែក យុវជនកម្ពុជានៅក្នុងស្រុក ក៏បានបញ្ចេញសំឡេងទៅកាន់ពិភពលោក ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា និងរួមគ្នាថ្កោលទោស និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសចំពោះការឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពាននេះជាបន្ទាន់។ មិនខុសពីប្រជាពលរដ្ឋ និងយុវជននៅក្នុងស្រុក ប្រជាពលរដ្ឋ និងយុវជនខ្មែរនៅក្រៅប្រទេស ក៏បានជួបជុំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីនៅតាមប្រទេសនានា ទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជា និងទទូចឱ្យអន្តរជាតិមានវិធានការចំពោះប្រទេសថៃ។ ប្រជាពលរដ្ឋ និងយុវជនទាំងក្នុង និងក្រៅប្រទេស បានរួមគ្នាបញ្ចេញសំឡេងតែមួយថា កម្ពុជាមិនត្រូវការសង្រ្គាមទេ កម្ពុជាត្រូវការសន្តិភាព កម្ពុជាស្រឡាញ់ និងចង់បានសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម