Connect with us

ព័ត៌មានជាតិ

កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលបន្ថយភាពតានតឹងជម្លោះព្រំដែន

បានផុស

នៅ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍រវាងកម្ពុជា និងថៃ។

ការថ្លែងអំណរគុណនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសម្របសម្រួលឱ្យមានកិច្ចប្រជុំត្រីភាគីរវាង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ប្រាក់​ សុខុន និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នៅឯ​កិច្ចប្រជុំបណ្តាប្រទេសមេគង្គ-ឡានឆាង ដែលបានធ្វើឡើងនៅប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរ​គុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាពរវាងប្រទេសជិតខាងទាំងពីរដោយសន្តិវិធី។

កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំ ពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។

លើសពីនេះ កម្ពុជាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេត​ការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានឆាប់ដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសសង្កត់ធ្ងន់ថា៖« យន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្តីសម្រេចក្នុង កិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។

កម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះឆន្ទៈក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញក្រោយជម្លោះ។ ការចូលរួមនេះ បង្ហាញពីការប្តេជ្ញារួមចំពោះការកសាងសន្តិភាពរយៈ ពេលវែង និងការស្តារឡើងវិញនៃសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធថ្មីៗនេះ។

លើសពីនេះ កម្ពុជាកោតសរសើរចំពោះការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌។ ខណៈពេលដែលកម្ពុជាស្វាគមន៍ការគាំទ្រនេះ កម្ពុជាយល់ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បងលើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជានៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងតំបន់ ដើម្បីថែរក្សាសន្តិភាព កសាងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធានាបាននូវស្ថិរភាពយូរអង្វែងក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម