Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ អំពាវនាវបេក្ខជនប្រឡងបាក់ឌុបទាំងអស់ត្រូវគោរពបទប្បញ្ញត្តិ ជៀសវាងធ្លាក់ជាស្វ័យប្រវត្តិ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ឬបាក់ឌុប ឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព្រមានថា ក្នុងករណីរកឃើញ បេក្ខជនបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ នោះនឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ បើតាមក្រសួងអប់រំ បេក្ខជនដែលប្រឈមធ្លាក់ស្វ័យប្រវត្តិប្រព្រឹត្តសកម្មភាពដូចជា ដើរចុះឡើងចេញពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនប្រគល់សន្លឹកកិច្ចការជូនអនុរក្ស បោះប្រធានវិញ្ញាសារចេញក្រៅបន្ទប់ និងបេក្ខជនយកអាវុធជាតិផ្ទុះចូលមណ្ឌលប្រឡងជាដើម។ល។

ជាមួយគ្នានេះដែរ ក្រសួងបានណែនាំដល់បេក្ខជនចាំបាច់ត្រូវទៅពិនិត្យ បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្តនៅថ្ងៃទី២១សីហានេះ។

លោក ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨និង២៩ខែសីហាឆ្នាំ២០២៥ខាងមុខនេះដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤៦ ៧២០នាក់ស្រី៨១ ៤៤២នាក់ចែកជា ២៤១ មណ្ឌល ស្មើនឹង ៥ ៩២៤ បន្ទប់។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២ នាក់ចែកជា១៦៩មណ្ឌល ស្មើនឹង ៤ ២៦៩ បន្ទប់និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៤០ ៦៧៨ នាក់ចែកជា៧២មណ្ឌល ស្មើនឹង ១ ៦៥៥បន្ទប់។ ចំណែកឯ គណៈកម្មការចូលរួមក្នុងដំណើរការប្រឡងមានចំនួន ១៩ ៨០០នាក់។

ចំពោះបេក្ខជនខេត្តព្រះវិហារ និងឧត្ដរមានជ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ មានចំនួន ៣ ៦៨៥នាក់។ បេក្ខជនខេត្តឧត្ដរមានជ័យ នឹងត្រូវទៅប្រឡងនៅវិទ្យាល័យចំនួន២ ក្នុងស្រុកពួក ខេត្តសៀមរាបចែកជា៣មណ្ឌល។ រីឯបេក្ខជនខេត្តព្រះវិហារទាំងអស់នឹងត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ។

ក្រសួងបញ្ជាក់ជាថ្មីថា ការប្រឡងបាក់ឌុប ឆ្នាំ២០២៥ នៅតែប្រកាន់គោលការណ៍ដ៏ម៉ឺងម៉ាត់ដដែល ដើម្បីធានាគុណភាពសិស្សនោះគឺគោលការណ៍ «អ្នកចេះគឺជាប់»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម