Connect with us

ព័ត៌មានជាតិ

បេក្ខជនត្រៀមប្រឡងបាក់ឌុបជាជនជាតិដើមភាគតិច ដាក់ក្ដីស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតនៅថ្ងៃអនាគត

បានផុស

នៅ

នៅសល់តែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់ហើយក្នុងនោះមានបេក្ខជនប្រុសស្រីជាង ៧២០ នាក់ នៅខេត្តមណ្ឌលគិរី បានត្រៀមខ្លួនប្រឡងរួចជាស្រេចនៅថ្ងៃ ២៨ សីហាខាងមុខនេះ។

បេក្ខជនឈ្មោះ ញ៉ុក សីហា អាយុ១៩ឆ្នាំ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅបច្ចុប្បន្នភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា សព្វថ្ងៃរូបគេរៀននៅថ្នាក់១២ (A) នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។ នៅពេលដែលថ្ងៃប្រឡងកាន់តែខិតជិតមកដល់ បេក្ខជនរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញសមត្ថភាពពីការសិក្សារបស់ខ្លួនក្នុងរយៈពេល១២ ឆ្នាំកន្លងមក ហើយមានបំណងចង់សម្រេចក្តីសុបិនចង់ក្លាយជាវេជ្ជបណ្ឌិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ដើម្បី​ពង្រឹង​ការ​ត្រៀម​ប្រឡង យុវជន សីហា បាន​និយាយ​ថា៖«ខ្ញុំរៀនធ្វើលំហាត់ជាប្រចាំ ហើយបានស្វ័យសិក្សាបន្ថែម ជាពិសេសមើលមេរៀនជាមួយនឹងមិត្តរួមថ្នាក់ ដែលជាបេក្ខជនត្រូវត្រៀមប្រឡងដូចគ្នា ធ្វើយ៉ាងណាខំសិក្សាទាំងយប់​ទាំងថ្ងៃ ហើយរំពឹងថាថ្ងៃប្រឡងនឹងទទួលបាននិទ្ទេសល្អដូចក្ដីបំណង»។

ជាងនេះទៅទៀត ការលើកទឹកចិត្តដ៏ធំបំផុតរបស់សិស្សជាជនដើមភាគតិចនេះ កើតចេញពីការគាំទ្រ និងការលើកទឹកចិត្តពីគ្រួសារ ជាពិសេសគ្រូ និងមិត្តរួមថ្នាក់របស់គាត់។ ថ្វីត្បិតតែមកពីគ្រួសារជនជាតិដើមភាគតិចដែលមានជីវភាពមិនសូវធូរធាដូចគេ ក៏ប៉ុន្តែបេក្ខជន ញ៉ុក សីហា បានខិតខំបន្តការសិក្សាដោយមិនត្អូញត្អែរឡើយ។ ការជំរុញចិត្តដ៏ធំបំផុតមួយទៀតក្នុងការខិតខំសិក្សាគឺដើម្បីសម្រេចក្តីសុបិនក្លាយទៅជាវេជ្ជបណ្ឌិត ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពនៅក្នុងខេត្តរបស់ខ្លួន។

យុវសិស្សរូបនេះបានចែករំលែកថា៖«ដោយសារឃើញពីកង្វះសេវាថែទាំសុខភាពក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាន និងឆ្ងាយពីទីប្រជុំជន ទើបជំរុញឱ្យខ្ញុំចង់ក្លាយជាគ្រូពេទ្យ។ បន្ថែមពីនេះ ខ្ញុំសង្ឃឹមថានឹងជួយលើកកម្ពស់​មុខមាត់ប្រទេសជាតិរបស់ខ្ញុំ»។

ក្នុងនាម​ជា​បេក្ខជន​ដែល​ខិតខំ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នាពេល​ខាង​មុខ​នេះ យុវសិស្ស សីហា សូម​លើក​ទឹកចិត្ត​ដល់​មិត្តភ័ក្តិ និង​បេក្ខជន​ទាំងអស់ ជាពិសេស​បងប្អូន​ជនជាតិដើម​ភាគតិច ​ឱ្យ​ខិតខំ​សិក្សា និង​ផ្តោត​ការយកចិត្តទុកដាក់លើការប្រឡងដ៏សំខាន់នេះ​ ដើម្បីផ្តល់កិត្តិយសម្រាប់ខ្លួនឯង និងគ្រួសារ ដែលបានផ្តល់ថវិកាឱ្យយើងរៀនសូត្រអស់រយៈ​ពេល១២ឆ្នាំកន្លងមកនេះ។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា សម្រាប់សិស្សដែលជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះ មានសិស្សត្រៀមខ្លួនសរុបចំនួន ៧២៣ នាក់ ស្រី៤០៥ ក្នុងនោះមានបេក្ខជន ជនជាតិដើមភាគតិច ២២៥នាក់។

លោកបានបញ្ជាក់ថា ក្នុងនាមមន្រ្តីជំនាញបានរៀបចំមណ្ឌលប្រឡងចំនួន ២ទីតាំង គឺវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីខាងកើត និងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីខាងលិច សម្រាប់ធ្វើជាមណ្ឌលប្រឡងរយៈពេល២ថ្ងៃ។ លោកប្រធានមន្ទីរ ក៏បានជំរុញឱ្យសិស្សទាំងអស់ ដែលត្រៀមខ្លួនប្រឡងនៅថ្ងៃខាងមុខនេះ ឱ្យស្វ័យសិក្សាបន្ថែមនៅក្រៅម៉ោងសិក្សា ធ្វើយ៉ាងណាឱ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះទទួលបាននិទេសពន្ទុល្អគ្រប់ៗគ្នា៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម