ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបខេត្តប៉ៃលិន ទទួលបានការស្នាក់នៅ និងអាហារ ដោយឥតគិតថ្លៃ
បេក្ខជន-បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅខេត្តប៉ៃលិន ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត ដូចជា ការស្នាក់នៅ និង អាហារ ដោយឥតគិតថ្លៃ។


តាមរយៈ លោក ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជន-បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ដែលមកស្នាក់នៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥។


លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន លើកឡើងថា ជារៀងរាល់ឆ្នាំ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅឆ្ងាយៗ ពិបាកក្នុងការធ្វើដំណើរ មកប្រឡង។ ដូច្នេះ លោកស្រីអភិបាលខេត្ត តែងតែបានផ្តល់ជាកន្លែងស្នាក់នៅ និងផ្តល់អាហារបីពេល ដោយឥតគិតថ្លៃ ព្រមទាំងមានពេទ្យ កងកម្លាំងនៅយាមប្រចាំការថែរក្សាសន្តិសុខសុវត្ថិភាព ទាំងថ្ងៃទាំងយប់ ហើយប្រសិនជាមានអាការមិនស្រួលខ្លួន ឬបញ្ហាអ្វីមួយ ក្រុមការងារ នឹងបញ្ជូនទៅជួបពេទ្យដែលប្រចាំការនៅទីនោះជាបន្ទាន់។


លោកអភិបាលរងខេត្ត លើកឡើងបន្តថា ទោះបីប្រទេសជាតិយើង ស្ថិតនៅក្នុងស្ថានភាព នៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាយើងក៏ពិតមែន តែសូមបេក្ខជន-បេក្ខនារី កុំមានការព្រួយបារម្ភ ត្រូវខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការប្រឡងឲ្យទទួលបានលទ្ធផលល្អគ្រប់ៗ គ្នា ដោយទុកកិច្ចការងារដឹកនាំប្រទេសជាតិ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការថែរក្សា ការពារបូរណភាពទឹកដីកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់វីរកងទ័ពដ៏ក្លាហានរបស់យើង ឈរការពារយ៉ាងរឹងមាំនៅតាមបណ្ដោយព្រំដែន។ ជាមួយគ្នានេះ បើបេក្ខជន-បេក្ខនារី មានបញ្ហាអ្វីកើតឡើងជាយថាហេតុ គឺមានក្រុមការងារប្រចាំការនៅទីនេះស្រេច ដូចជា ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមគ្រូពេទ្យ កងកម្លាំង ជាដើម។ ការសម្របសម្រួល និងការឧបត្ថម្ភពីលោកស្រីអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះវិស័យអប់រំ និងធនធានមនុស្សនៅខេត្តប៉ៃលិន។ នេះមិនត្រឹមតែជួយសម្រួលដល់ការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដ៏ធំធេងដល់បេក្ខជន-បេក្ខនារី ឲ្យខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិផងដែរ។


ជាការឆ្លើយតប តំណាងបេក្ខជន-បេក្ខនារី ដែលត្រូវប្រឡង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី បាន ស្រីមុំ និងលោក អ៊ី ឈាន ទេសរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ទៅលើពួកគាត់ ក្នុងការផ្តល់ជាកន្លែងសម្រាប់ស្នាក់នៅ ការផ្ដល់អាហារបីពេល និងរថយន្តក្រុងសម្រាប់ធ្វើដំណើរទៅប្រឡងផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


