Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ប្រគល់ផ្ទះ ១ ខ្នង ជូនដល់អតីតយុទ្ធជន ក្នុងស្រុកសាលាក្រៅ

បានផុស

នៅ

នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញប្រគល់ផ្ទះ ១ ខ្នង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាងដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានទី ១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ សាំង វី ភេទប្រុស អត្តលេខ RB013000169 រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រាលដល់ទុក្ខលំបាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

លោកស្រីប្រធាន លើកឡើងថា «អតីតយុទ្ធជន និងនិវត្តជន ពួកគាត់ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយទើប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឲ្យមាន សមាគមនេះឡើង គឺដើម្បីឲ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពី រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែលបានទទួលមរណភាព ឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់»។

លោកស្រីក៏បានកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ និងមើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមពីលើនេះ លោកស្រី សូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា របស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានផ្ដល់សម្ភារៈបរិក្ខារ ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ដល់អតីតយុទ្ធជន ឈ្មោះ សាំង វី ដែលទើបទទួលបានផ្ទះថ្មី ១ ខ្នង៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម