Connect with us

ព័ត៌មានអន្ដរជាតិ

ថៃជំរុញគម្រោង «ស្ពានដីគោក» ​ចំពេលមាន​វិបត្តិ​ច្រកហ័រមូហ្ស និងសម្លឹងការគាំទ្រពីសិង្ហបុរី​

បានផុស

នៅ

វិបត្តិនៅច្រកសមុទ្រហ័រមូហ្សកំពុង​លើកទឹកចិត្តឱ្យថៃជំរុញទៅមុខនូវគម្រោង «ស្ពានដីគោក» នៅភាគខាងត្បូងប្រទេស ដែលតភ្ជាប់ពីសមុទ្រអង់ដាម៉ង់នៃមហាសមុទ្រឥណ្ឌាមកកាន់ឈូងសមុទ្រថៃ ដោយរដ្ឋាភិបាលប្រទេសនេះកាលពីថ្ងៃចន្ទ (២៧ មេសា) សម្លឹងរកការគាំទ្រពីសិង្ហបុរីជាវិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

​នាយករដ្ឋមន្ត្រីថៃ លោក​ អានុទីន ឆានវីរៈគុល ​ជួបប្រជុំ​​ជាមួយ​លោក Chan Chun Sing រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហបុរី កាលពីថ្ងៃចន្ទ (២៧ មេសា)។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនកំពុងស្ដារគម្រោង «ស្ពានដីគោក» ឡើងវិញ ​បន្ទាប់ពីមាន​វិបត្តិនៅច្រកសមុទ្រហ័រមូហ្ស ដែលបង្ហាញ​ពីភាពងាយរងគ្រោះនៃ​ច្រកដឹកជញ្ជូនសកល រួមទាំងច្រកសមុទ្រម៉ាឡាកា​នៅអាស៊ីអាគ្នេយ៍។

រដ្ឋបាលមុនបានរៀបចំសេចក្តីព្រាងច្បាប់​លើគម្រោងស្ពានដីនេះដែរ ប៉ុន្តែសំណើ​នោះ ត្រូវបានបរាជ័យដោយសារតែវិបត្តិនយោបាយ ភាពយឺតយ៉ាវនៃការវាយ​តម្លៃផលប៉ះពាល់បរិស្ថាន ​និងការប្រឆាំងតវ៉ាពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប៉ះពាល់ដោយគម្រោងជាដើម។

កាលពីចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Phiphat Ratchakitprakarn ​បាន​​ឱ្យដឹងថា សំណើ​លើគម្រោងនេះ រំពឹងថានឹងត្រូវ​ដាក់ជូនទៅគណៈរដ្ឋមន្ត្រីថៃ​នា​ខែមិថុនា ឬខែកក្កដាខាងមុខ​ ហើយរដ្ឋាភិបាលនឹងស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានតម្លៃប្រមាណ ១​ ទ្រីលាន​បាត (៣០,៩៧ លាន​ដុល្លារ) មួយនេះ ដោយចាប់ផ្ដើមនៅត្រីមាសទី៣។ ​

គួរគូសបញ្ជាក់ថា ស្ពានដីគោកនៅភាគខាងត្បូងថៃ រាប់បញ្ចូលទាំងកំពង់ផែទឹកជ្រៅ២ ដោយម្ខាងនៅខេត្ត រ៉ាណង លើឆ្នេរសមុទ្រអង់ដាម៉ង់ និងម្ខាងទៀតនៅឈូងសមុទ្រថៃនៃខេត្ត ជុំផន​ ​ដែល​តភ្ជាប់​ដោយ​ផ្លូវថ្នល់ និង​ផ្លូវដែក​ប្រវែង ៩០ គីឡូម៉ែត្រ​ បូករួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​ដូចជា​បំពង់​បង្ហូរ​ប្រេងជាដើម​។ គម្រោង​នេះ​ នឹង​ក្លាយជា​​ផ្លូវ​ជំនួស​​ច្រក​សមុទ្រ​ម៉ាឡាកា ​ដែលជាផ្លូវទឹកសំខាន់តភ្ជាប់ពីអាស៊ីបូព៌ាទៅអឺរ៉ុប។

កាលពីថ្ងៃចន្ទ ​នាយករដ្ឋមន្ត្រីថៃ លោក​ អានុទីន ឆានវីរៈគុល បាន​គូសបញ្ជាក់​​គម្រោង​នេះ​ក្នុង​អំឡុង​​កិច្ចប្រជុំ​​ជាមួយ​លោក Chan Chun Sing រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សិង្ហបុរី។ មែនទែនទៅ សិង្ហបុរីគឺជាវិនិយោគិនដ៏ធំមួយ​ក្នុងតំបន់ ដែលជាប្រទេសសមាជិកអ្នកគ្រប់គ្រងច្រកសមុទ្រម៉ាឡាកា ដែលមាន​កប៉ាល់ជាង ១០០ ០០០ គ្រឿង ឆ្លងកាត់ កាលពីឆ្នាំមុន។ ​

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Rachada Dhanadirek ​បានប្រាប់អ្នកយកព័ត៌មាន​ថា៖ «លោក (Chan) មើលឃើញថា វាជាឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេសថៃ និងសម្រាប់វិនិយោគិនបរទេស ប្រសិនបើគម្រោងនេះ អាច​ជំរុញទៅមុខដោយជោគជ័យ»។

​សេចក្ដីរាយការណ៍​ស្ដីពីការជំរុញរបស់ថៃ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីកាលពីសប្តាហ៍មុន បានបង្កឱ្យមានការភ្ញាក់ផ្អើលមួយ ដោយនិយាយថា ឥណ្ឌូណេស៊ីមាន​គម្រោងយកពន្ធសម្រាប់នាវាចរណ៍​លើ​ច្រកសមុទ្រម៉ាឡាកា។ យ៉ាងណាមិញ ក្រោយមក រដ្ឋមន្រ្តីដដែល និងក្រសួងការបរទេសឥណ្ឌូណេស៊ី បញ្ជាក់បញ្ច្រាស់ពីនោះវិញថា ឥណ្ឌូណេស៊ីគ្មានគម្រោងបែបនេះនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម