Connect with us

ព័ត៌មានជាតិ

អ្នក​នាំពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យថា​ ស្ថានភាព​ពេល​នេះពលរដ្ឋ និង​ទ័ព​ថៃ​នៅ​២០​ម៉ែត្រ​ពី​គ្នា

បានផុស

នៅ

អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​លោក លី សុវណ្ណារិទ្ធ បាន​ឱ្យដឹង​ថា​ការ​រុញ​ច្រាន​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ ប្រឆាំង​នឹង​ទ័ព​ថៃ​ឈ្លាន​ពាន​មក​ដល់​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញានេះ​មាន​ភាព​ស្ងប់ស្ងាត់​ហើយ​តែ​ពលរដ្ឋ​និង​ទាហាន​ថៃ​នៅ​ចម្ងាយប្រមាណ​២០​ម៉ែត្រពី​គ្នា​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញានេះ លោក លី សុវណ្ណារិទ្ធ ថា​ថៃ​នៅ​មិន​ព្រម​ថយ​ទៅ​វិញ​ទេ ខណៈពលរដ្ឋ​ខ្មែរ​នៅ​ឈរ​ចាំមើល​សកម្មភាព​របស់​ថៃ​ជា​បន្ត​ទៀត។ លោក​ចាត់​ទុក​សកម្មភាព​របស់​ថៃ​ជា​សកម្មភាព​បង្ក​រឿងបំពាន​លើ​ដែន​ដី​អធិបតេយ្យ​របស់​កម្ពុជា។

លោក​ថា៖ «នេះ​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​ខាង​ជើង​ពី​កន្លែង​មុន។ [..] ស្ថានភាព​ឥឡូវ​កំពុង​នៅ​ទល់​មុខ​គ្នា​ឈរទល់​មុខ​គ្នា។ ទាហានថៃ​ក៏​ឈរ​ទល់​មុខ យើង​ក៏​នៅ​ឈរ​ទល់​មុខ​ចំងាយ​ប្រហែល​២០​ម៉ែត្រពី​គ្នា»។

បើតាមលោក​ លី សុវណ្ណារិទ្ធ ពេល​នេះ​អាជ្ញា​ធរ​កំពុង​នៅ​ជាមួយ​ពលរដ្ឋ​ការពារ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ផងដែរ។

គួរឱ្យ​ដឹង​ផងដែរថាកាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ទាហាន​ថៃបាន​ព្យាយាម​ចូល​មក​រាយ​បន្លាលួស​នៅ​កន្លែង​​ថ្មី​មួយ​ទៀតនៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ តែ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​រួម​គ្នា​ដេញ​ចេញ​វិញ។ ការ​បន្ត​ចូល​មក​ឈ្លានពាន​ដី​ខ្មែរ​ជា​ថ្មី​នេះ​គឺ​បន្ទាប់ពី​អភិបាល​ខេត្ត​ស្រះកែវ​របស់​ថៃ​ប្រកាស​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ចូល​ទៅ​យក​ដីដែលឈ្លានពាន​បានធ្វើ​ជា​កម្មសិទ្ធិ។

សកម្មភាព​ឈ្លាន​ពាន​របស់​ថៃ​នៅឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចាប់​ផ្ដើមតាំង​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០២៥មក ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់​នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​យូរ​មក​ហើយ​៕

អត្ថ​បទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម