ព័ត៌មានជាតិ
ក្រសួងការងារ និង ខេត្តអានហួយចិន បើកវគ្គបណ្តុះបណ្តាលដំបូង និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា
ភ្នំពេញ ៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និងវិញ្ញាបនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន លោក Li Jun ប្រធានក្រុមហ៊ុន Wuhan Central Group លោកជំទាវឧកញ៉ា ចាន់ ធានី ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) លោក វ៉ាន់ ដាវីត នាយកវិទ្យាស្ថាន CITA និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនោះ លោករដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថាន CITA ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស មិនត្រឹមតែប្រយោជន៍សម្រាប់យុវជន ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃកម្លាំងពលកម្មសកម្មប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។

លោកបានបន្តថា CITA បានចូលរួមខិតខំអនុវត្ត ដើម្បីឱ្យសម្រេចបានទៅតាមអ្វីដែលបានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

លោករដ្ឋលេខាធិការ បានចាត់ទុកវគ្គបណ្តុះបណ្តាលដំបូងនេះ មិនត្រឹមតែជាផ្នែកមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់មួយ ដែលផ្តល់ឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងវិស័យ TVET របស់កម្ពុជា ជាមួយនឹងគ្រឹះស្ថាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលសុទ្ធតែជាគ្រឹះស្ថានល្បីៗប្រកបដោយគុណភាព និងមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់ នៃប្រទេសចិន។

ក្នុងបេសកកម្ម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត គឺជាឱកាសទាក់ទាញវិនិយោគិនចិនថ្មីៗឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមពីលើអត្ថប្រយោជន៍ នៃផ្លែផ្កានេះដល់វិនិយោគិនចិន ដែលបាននិងកំពុងមានវត្តមាន និងវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបានស្នើវិទ្យាស្ថាន CITA ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាបន្តយកចិត្តទុកដាក់ក្នុងការរួមចំណែកពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្អែកលើស្តង់ដាគុណភាព តាមកម្មវិធីសិក្សាស្របតាមកញ្ចប់ស្តង់ដា ដែលបានដាក់ចេញដោយក្រសួង ជាពិសេស ស្របទៅនឹងតម្រូវការជាក់ស្តែងនៅលើទីផ្សារការងារ។

លោកបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តលើកកម្ពស់ និងបង្កើនសមត្ថភាពវិជ្ជាជីវៈគ្រូបច្ចេកទេស តាមរយៈរៀនសូត្រ និងបណ្តុះបណ្តាលបន្ថែមជាប្រចាំស្របតាមយុគសម័យឧស្សាហកម្ម ៤.០ និងការវិវត្តរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មទំនើបនៅកម្ពុជាទៅអនាគត៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


