Connect with us

ព័ត៌មានជាតិ

ជម្លោះព្រំដែនបន្តអូសបន្លាយ ក្រសួងមហាផ្ទៃប្រកាសកៀរគរមូលនិធិគាំទ្រកម្លាំងជួរមុខ និងជនភៀសសឹក

បានផុស

នៅ

ក្រសួងមហាផ្ទៃបង្កើតមូលនិធិក្នុងការបន្តកៀរគរប្រមូលជំនួយ ដើម្បីចូលរួមគាំទ្រ លើកទឹកចិត្តដល់កម្លាំងជួរមុខកម្ពុជា ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាដើម្បីជួយសម្រាលការលំបាកនានារបស់ជនភៀសសឹក អំឡុងពេលជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលបញ្ហាជម្លោះព្រំដែន កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងរក្សាបាននូវអធិបតេយ្យភាពជាតិ។

ដូច្នេះ មូលនិធិគាំទ្រកម្លាំងជួរមុខរបស់ក្រសួងមហាផ្ទៃ ដែលបានបង្កើតឡើងពេលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីសាមគ្គីភាពខ្មែរតែមួយ ស្នេហាជាតិ និងបុព្វហេតុមនុស្សធម៌ ហើយក្នុងន័យនេះ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹក ជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ តាមរយៈមូលនិធិជួរមុខក្រសួងមហាផ្ទៃ (ABA 014 738 093 KHR/ 014 738 096 USA)។

ជាការកត់សម្គាល់ កាលពីរសៀលថ្ងៃទី១៧ និងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ និងជាតំណាងលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមតំបន់ព្រំដែនមួយចំនួន ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បន្ទាប់ពីក្រុមនគរបាល និងកម្លាំងចម្រុះថៃ បានបង្កហិង្សាមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក ស៊ាង ប៊ុនលាង និងប្រតិភូក្រសួងមហាផ្ទៃ បាននាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាគ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ សរុបជាទឹកប្រាក់ចំនួន ១០ ៣០៤ដុល្លារ ប្រគល់ជូនលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សម្រាប់ចែកជូនប្រជាពលរដ្ឋ តាមការជាក់ស្តែងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម