Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ថាមានតួអង្គ៤ដែលធ្វើឱ្យ​លោក​អនុធីនគ្មានឆន្ទៈក្នុង​ការ​អនុវត្តបទ​ឈប់បាញ់​

បានផុស

នៅ

ប្រធាន​វិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាលោកបណ្ឌិត គិន ភា យល់​ថានាយករដ្ឋមន្ត្រី​ថៃ​ថ្មី​ អានុធីន គ្មានឆន្ទ:និងទឹកចិត្តអ្វីអនុវត្តបទឈប់បាញ់ ធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតកម្ពុជា-ថៃ ឬបើកព្រំដែនឡើងវិញនោះទេ ការនេះ​គឺ​ដើម្បី​ផ្គាប់​ចិត្តចិត្តពួកយោធា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើង​លើ​ហ្វេស​បុក​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា​នេះ​លោកបណ្ឌិត គិន ភា មើល​ឃើញ​ថាក្នុង​រយៈពេល​ដែល​លោក អនុធីន កាន់​អំណាចពី​ពេល​នេះ​ទៅគឺ​គ្មាន​អ្វី​ក្រៅពី​ធ្វើ​ការ​បំពេញ​ចិត្ត​អំណាច​៤​ដែល​ជា​អ្នក​កំណត់​វាសនានយោបាយ​លោក​គឺគណបក្សប្រជាជន​របស់​ថៃ​ដែល​ជួយ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ទី២គឺ​រាជវាំង​ថៃ ទី៣​គឺ​យោធាថៃ និងទី៤គឺ​មហាជន​ជាតិនិយម​ថៃ​ដែល​ចង់​ឃើញការ​វាតទីឈ្លាន​ពាន​ដី​ប្រទេស​ជិត​ខាង​។ លោក​បណ្ឌិត​ថាការ​បំពេញ​តាមបំណង​របស់​អំណាច​ទាំង​៤​នេះគឺ​ រក្សាអាយុនិងស្ថិរភាពរដ្ឋាភិបាលដ៏ផុយស្រួយរបស់លោក បញ្ចៀសការរង្កៀសចិត្តពីរាជវាំង ទប់ស្កាត់កុំឱ្យពួកយោធាមានលេសធ្វើរដ្ឋប្រហារ និងបញ្ចៀសបាតុកម្មប្រឆាំងរដ្ឋាភិបាលក៏ដូចជាការសន្សំពិន្ទុសម្រាប់ការបោះឆ្នោតបន្ទាប់។ 

បើតាម​លោកបណ្ឌិតដើម្បី​យកចិត្តបុគ្គល៤ពួកនេះ ​អានុធីនត្រូវយក​រឿង​ព្រំដែន​ជាមួយ​កម្ពុជាទៅ​ផ្គាប់​ផ្គន់។

លោក​ថា៖ «ក្នុងសង្គមថៃ ការបង្ហាញសាច់ដុំរឿងព្រំដែនជាមួយកម្ពុជានៅតែជាសន្លឹកបៀរនយោបាយដ៏សំខាន់និងជាប្រភពនៃប្រជាប្រិយភាពរបស់ពួកអ្នកនយោបាយថៃ។ ដូច្នេះ លោក អនុធីន ចាន់វីរៈគុល គ្មានឆន្ទ:និងទឹកចិត្តអ្វីទៅអនុវត្តបទឈប់បាញ់ ធ្វើប្រក្រតីកម្មទំនាក់ទំនងការទូតកម្ពុជាថៃ ឬបើកព្រំដែនឡើងវិញនោះទេ ក្រៅតែពីការបន្ទរតាមពួកយោធាជុំវិញបញ្ហាព្រំដែនកម្ពុជាថៃនោះ»

លោកបណ្ឌិត​ គិន ភា ថារឿង​ព្រំដែន​ជា​មួយ​កម្ពុជា​​បើថៃមានឆន្ទ:និងភាពស្មោះត្រង់ក្នុងភាពជាអ្នកជិតខាងល្អ និងគោរពច្បាប់អន្តរជាតិមិនមានភាពស្មុគស្មាញទេ ព្រោះប្រទេស​ទាំង​ពីរមានអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីដែលជាឧបសម្ព័ន្ធ១ នៃសន្ធិសញ្ញាបារាំង-សៀម សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និង២០១៣ និង MOU ឆ្នាំ២០០០ និង២០០១ ដែលជាមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាច្បាស់លាស់ហើយ។

លោកបណ្ឌិត​ក៏​មើល​ឃើញ​ថា បញ្ហា​ចំពោះ​មុខ​នៃ​ព្រំដែន​កម្ពុជា​-ថៃ​នឹង​មិន​ងាយ​ធូរស្រាល​នោះ​ទេ បើគ្មាន​សម្ពាធ​ពី​អន្តរជាតិ​ធ្ងន់ធ្ងរ​លើ​ប្រទេស​ថៃ។ លោក​ថា​ក្នុង​ពេល​នេះ​តាម​រយៈយន្ត​ការ​ណា​ក៏​ដោយ​ បើ​កំណាត់​ព្រំដែន​កន្លែង​ណា​ដាច់​ស្រេច​ហើយ​ថៃ​ចង់​ធ្វើ​របង​ត្រូវ​តែ​ធ្វើ​ភ្លាមដោយ​ថា​មិន​អាច​ទុក​ឱ្យ​មាន​ស្ថានភាព​ដ៏​អាក្រក់​បែបនេះ​បន្ត​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ទេ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម