ព័ត៌មានជាតិ
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជួយឱ្យពលរដ្ឋក្រីក្រ និងងាយរងគ្រោះទទួលបានអត្ថប្រយោជន៍លឿនជាងមុន
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ត្រូវបានដាក់ឱ្យដំណេីរការជាផ្លូវការ នាព្រឹកថ្ងៃទី០៦ ខែតុលា ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ជាមួយនឹងគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចង្អុលបង្ហាញឱ្យគិតគូរ និងរៀបចំប្រព័ន្ធចុះបញ្ជី និងការគ្រប់គ្រងទិន្នន័យគាំពារសង្គមសំដៅធានាប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌនៃការអនុវត្តបែបប្រទាក់ក្រឡាផង និងផ្ដល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធី និងអ្នកទទួលផលផង ដោយចាប់យកអភិក្រម «ធ្វើសុខដុមនីយកម្ម» ជាជាងយកអភិក្រម «ធ្វើសមាហរ័ណកម្ម» ដោយកិច្ចការនេះត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតសម្រេចបាននូវ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។

ការដាក់ឱ្យដំណើរការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។
ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាថ្នាលឌីជីថលរួមរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសមាហរណ (Integrated Digital Platform) និងត្រូវបានអភិវឌ្ឍឡើង សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលរដ្ឋគោលដៅ និងអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម និងត្រូវបានដាក់ឱ្យដំណើរការតាមរយៈអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្នាលឌីជីថលរួមនេះ បានដាក់ឱ្យដំណើរការដោយធ្វើសុខដុមនីយកម្មកម្មវិធីគាំពារសង្គមសំខាន់ៗ រួមមាន៖ ការចុះបញ្ជីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីអាហារូបករណ៍តាមសាលារៀន, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានផ្ទុកមេរោគអេដស៍, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ, កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងមុខងារបោះពុម្ពបណ្ណសមធម៌ភ្លាមៗ, កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព និងមុខងារបោះពុម្ព QR Code នៃកាតសម្គាល់ជនមានពិការភាព, កម្មវិធីជាតិជំនួយសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ, និងកម្មវិធីបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូន អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

ជាមួយគ្នានេះថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានបំពាក់បន្ថែមនូវមុខងារ «ស្វែងរករហ័ស ឬ Fast Search» ដែលជាមុខងារធ្វើអន្តរប្រតិបត្តិការជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម តាមរយៈលេខ «សម្គាល់គាំពារសង្គម ឬ SPID» អាចផ្តល់នូវសមត្ថភាព និងសុក្រឹត្យភាពខ្ពស់ ក្នុងការស្វែងរកអត្តសញ្ញាណចុះបញ្ជីរបស់អ្នកទទួលផល និងពលរដ្ឋគោលដៅភ្លាមៗ ដោយអាចប្រើប្រាស់បណ្ណសម្គាល់ខ្លួន មួយណាក៏បាន រួមមានលេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, បណ្ណសមធម៌, កាតសម្គាល់ជនមានពិការភាព, ឬកាត ប.ស.ស. ឬអាចប្រើប្រាស់ការស្កែនផ្ទៃមុខ ឬស្កែនខ្ចៅដៃ។ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក៏បានបំពាក់ផងដែរ នូវមុខងារចាប់យកតួអក្សរ ពីរូបភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ (OCR on National Khmer ID Card) ដែលបង្កើនភាពងាយស្រួល និងឆាប់រហ័សដល់រំហូរនៃការចុះបញ្ជីក្នុងប្រព័ន្ធគាំពារសង្គម ភ្ជាប់ជាមួយនឹងការផ្តល់នូវដំណឹងក្នុងកាលិកពិត (Real-time Notification) ទៅទូរសព្ទដៃរបស់មេឃុំ/ចៅសង្កាត់ បង្កើនលទ្ធភាពក្នុងការត្រួតពិនិត្យ និងអនុម័តការស្នើសុំចុះបញ្ជីគាំពារសង្គមភ្លាមៗ ផងដែរ។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បណ្ឌិត ចន ណារិទ្ធ អះអាងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ មិនត្រឹមតែអភិវឌ្ឍន៍ឡើងសម្រាប់សម្រួលដល់ការចូលបញ្ជីនិងការបើកផ្ដល់អត្ថប្រយោជន៍ក្នុងប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ វាថាទាំងក្លាយទៅជាមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ជំរុញឲ្យប្រព័ន្ធគាំពារសង្គមក្លាយជាប្រព័ន្ធមួយដែលមានភាពធន មានភាពទន់ខ្លួនដូចទៅនឹងបណ្ដាប្រទេសជាតិលឿននានា ដោយកសាងនូវមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយនិងមានទិន្នន័យគោលដូចជា ទិន្នន័យចុះបញ្ជីក្នុងកម្រិតគ្រួសារ និងកម្រិតបុគ្គល ទិន្នន័យជីវមាត្រ ទិន្នន័យប្រជាសាស្ត្រ ទិន្នន័យស្ថានភាពរងគ្រោះ និងទិន្នន័យសង្គមសេដ្ឋកិច្ច ព្រមទាំងទិន្នន័យផ្លាស់ប្ដូរអាស័យដ្ឋានរបស់ក្រុមគោលដៅ។

បើតាមលោក ចន ណារិទ្ធ ចាប់តាំងពីដើមឆ្នាំ២០២៥មក ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាននិងកំពុងត្រូវបានដាក់ឱ្យអនុវត្តន៍នៅក្នុងឃុំសង្កាត់ចំនួន២០៩ ក្នុងខេត្តកំពង់ចាម និងសៀមរាប។ កាលពីពេលថ្មីៗនេះ ការអនុវត្តថ្នាលគាំពារសង្គមឌីជីថលកម្ពុជានេះ ក៏ត្រូវបានវាយតម្លៃលម្អិតដោយអ្នកជំនាញការមកពីធនាគារពិភពលោក។
តាមលោក ចន ណារិទ្ធ ការណ៍នេះនឹងផ្ដល់សមត្ថភាពគ្រប់គ្រាន់ដល់ប្រព័ន្ធគាំពារសង្គមកម្ពុជាក្នុងការឆ្លើយតបនឹងគ្រោះអាសន្ន និងអាចផ្តល់អន្តរាគមន៍បន្ទាន់នានាស្របតាមគោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល នឹងសម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ផ្នែកគោលនយោបាយដោយផ្អែកលើកទិន្នន័យដែលមានគុណភាព និងបច្ចុប្បន្នកម្ម។នៅក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជាសមិទ្ធផលរួមដែលបានកសាងមូលដ្ឋានគ្រឹះដ៏មានសំខាន់មួយក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលនេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ ម៉ាស៊ីនស្កែនខ្ចៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូននាពេលកន្លងទៅ។ នេះជាការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា សមិទ្ធផលទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថលក្នុងពេលខាងមុខ, ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា។ និយាយជារួម និងនិយាយដោយឡែកសំដៅ «កាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ ត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូលឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានភាពប្រទាក់ក្រឡាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្តរយៈពេលវែង។
ជាមួយសមិទ្ធផលដែលសម្រេចបាននេះ, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមទាំងលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម នែអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យបន្តការគាំទ្រ និងចូលរួមអនុវត្តឱ្យបានពេញលេញ និងស្រុះគ្នាប្រកបដោយស្មារតីបុរេសកម្ម។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណក្រសួង- ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំ សង្កាត់, ដៃគូអភិវឌ្ឍន៍នានាចំពោះការចូលរួមចំណែកគាំទ្រ និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា សំដៅជំរុញ និងធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល៕


-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


