ព័ត៌មានជាតិ
ដើមខែក្រោយ ក្រុមហ៊ុនធំៗ ចំនួន ១៥០ នឹងផ្ដល់ឱកាសការងារជាង ៣ ម៉ឺនកន្លែង សម្រាប់យុវជន ក្នុងពិព័រណ៍ការងារនៅកោះពេជ្រ
នៅដើមខែក្រោយ ខាងមុខនេះ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ចំនួន ១៥០ នឹងផ្ដល់ឱកាសការងារជាង ៣ ម៉ឺនកន្លែង សម្រាប់យុវជន ក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នៅអគារពិព័រណ៍កោះពេជ្រ។


កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៥ នឹងប្រារព្ធឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅសាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព ៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។


ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២៥ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប និងដៃគូពាក់ព័ន្ធជាច្រើនទៀត។


គោលបំណងសំខាន់ៗ នៃការរៀបចំពិព័រណ៍ការងារនាពេលនេះរួមមាន ៖ បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ។ បង្កើនការយល់ដឹង បណ្ដុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ក្នុងន័យជំរុញឲ្យអ្នកចូលរួមមើលឃើញខ្លួនឯងជាផ្នែកមួយដ៏សំខាន់ នៃកម្លាំងពលកម្មដែលកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាស្ដីពីការចែករំលែកបទពិសោធដោយវាគ្មិនមានបទពិសោធក្នុងវិស័យការងារ និងបច្ចេកវិទ្យា។ បង្កើតជាវេទិកាតភ្ជាប់បណ្ដាញទំនាក់ទំនងក្នុងចំណោម ក្រសួង ស្ថាប័ន និងក្រុមហ៊ុនដែលចូលរួម ពិព័រណ៍ការងារ និងផលិតភាពជាតិ។


ជាមួយគ្នានេះ ពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំនេះ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និងការប្រកួតប្រជែងនិយាយជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លុះបញ្ចាំងពីប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព ៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» បំផុសគំនិតទាក់ទងនឹងផលិតភាពការងារ តាមរយៈការចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ មានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។


យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗ ជាច្រើន និងអាចចូលរួមក្នុងសិក្ខាសាលាផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពីសំណាក់វាគ្មិនជំនាញជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមក Call Center ១២៩៧ ឬ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


