នយោបាយ
ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួន លោកបណ្ឌិត សេង សារី
លោក ញឹម ពិសាល ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ បានដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោកបណ្ឌិត សេង សារី សាស្រ្ដចារ្យ និងជាអ្នកស្រាវជ្រាវ និងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចេញដីកានេះ បន្ទាប់ពីបានពិនិត្យ លើសំណុំរឿងនេះចប់សព្វគ្រប់។
ក្នុងដីកានេះ បានបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកលែងការចោទប្រកាន់ លើជនត្រូវចោទឈ្មោះ សេង សារី គប្បីបញ្ឈប់ដីកាបង្គាប់ឲ្យចាប់ខ្លួន លើជនត្រូវចោទខាងលើនេះ។ ជាមួយនេះដីកាដដែល ក៏បង្គាប់ដែរថា «កម្លាំងមានសមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនឈ្មោះ សេង សារី ដែលមានអត្តសញ្ញាណដូចខាងលើនេះ»។
គួររំលឹកថា ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា មានបណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។ ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះថា ជាបណ្ឌិតរូបណាក៏ដោយ តែគេដឹងថា ជាលោកបណ្ឌិត សេង សារី ដែលបានលើកឡើង អំពីវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។
ប៉ុន្តែនៅថ្ងៃទី២០ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអំពាវនាវ ដល់ស្ថាប័នតុលាការពិចារណាបញ្ឈប់ដីកាតាមចាប់ខ្លួន លោកបណ្ឌិត សេង សារី ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសថៃ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។
បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម ហើយក៏បានអំពាវនាវឲ្យភរិយា កូន និងឪពុក-ម្តាយ របស់បណ្ឌិត សេង សារី ផងដែរ កុំឲ្យមានការព្រួយបារម្ភ។ លោកបណ្ឌិត សេង សារី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយោគយល់ និងស្ដាប់ការបកស្រាយរបស់លោក៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


