នយោបាយ
រដ្ឋមន្រ្តីការបរទេសថៃ ធានាអះអាងថា ថៃ នឹងមិនឱ្យអ្នកណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ
លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានធានាអះអាងថា ថៃ នឹងមិនអនុញ្ញាតឱ្យអ្នកណាប្រើប្រាស់ទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ។ រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ពីការធានាអះអាងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

មុនជួបជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ នេះ លោករដ្ឋមន្ត្រីការបរទេសថៃ Maris SANGIAMPONGSA បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក Maris SANGIAMPONGSA បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីថៃជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និង ពីការធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ ការធានាអះអាងនេះ ក៏ត្រូវបានប្រមុខការទូតថៃលើកមកបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ឱ្យបានដឹងបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចតេជោ ចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា ក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេស ឬក្រុមអមិត្តណាយកទឹកដីរបស់ខ្លួន (កម្ពុជា) ប្រឆាំងនឹងប្រទេសផ្សេងដូចដែរ។
គួរបញ្ជាក់ជូនថា លោក Maris SANGIAMPONGSA គឺជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃ ហើយការមកកាន់ប្រទេសកម្ពុជានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក។ រដ្ឋមន្រ្តីការបរទេសថៃរូបនេះ បានគូសបញ្ជាកប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ដោយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនសម្ដេចតេជោ ប្រធានព្រឹទ្ធសភាថា លោកបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ និងប្តេជ្ញាធ្វើឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាងដែលរាជរដ្ឋាភិបាលកម្ពុជា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។
កម្ពុជា និងថៃ មានទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល៧៤ឆ្នាំមកហើយគិតមកដល់ឆ្នាំ២០២៤នេះ។ ទំនាក់ទំនងប្រទេសទាំង២ មានទាំងផ្អែមល្ហែមផង ជូរចត់ផង និងស្មុគស្មាញផងនៅក្នុងរយៈពេល៧៤ឆ្នាំមកនេះ។ នៅឆ្នាំ២០២៥ ខាងមុខ គឺជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ថៃ។ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការរៀបចំកម្មវិធីរំលឹកខួបទំនាក់ទំនងនេះឱ្យបានច្រើន។ មិនតែប៉ុណ្ណោះទេ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជំរុញឱ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផងដែរ៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


