គ្រប់គ្រង​ការងារនៅ​ពេល​ដែល​ក្រុមហ៊ុន​មិន​មាន​មនុស្ស​ធ្វើការគ្រប់ដៃ – Kampuchea Thmey Daily
Connect with us

អាជីព

គ្រប់គ្រង​ការងារនៅ​ពេល​ដែល​ក្រុមហ៊ុន​មិន​មាន​មនុស្ស​ធ្វើការគ្រប់ដៃ

Published

on

ស្ថិត​ក្នុង​គ្រា​មេរោគកំពុងរាតត្បាត​នេះ​ មាន​ស្ថាប័ន អង្គភាពខ្លះ​មិន​ទាន់​អាចវិលផ្តុំមក​ធ្វើការ​នៅ​អូហ្វីស​បាន​គ្រប់គ្នា​បានឡើយ ដោយមាន​អ្នកខ្លះ​ធ្វើការ​នៅ​ផ្ទះ ​ឬ​តាម​ហាង​កាហ្វេ​ កន្លែង​ណា​ដែល​មាន​អ៊ីនធឺណិត​ ដោយ​មិន​ចាំ​បាច់​ជួប​ជាមួយ​មេ​កោយ​របស់​ពួកគេ។

ក្នុង​វេលា​នេះ​​គ្រប់គ្នា​មិន​អាច​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​ដូច​ពេល​នៅ​ជុំ​ទេ។ ចំណែក​អ្នកដឹកនាំ​ត្រូវ​បង្ខំ​គ្រប់គ្រង​ពី​ចម្ងាយ ដោយ​មិន​បាន​ឃើញ​មនុស្ស​អស់​រយៈ​ពេល​យូរ។

នេះ​ជា​អ្វី​ដែល​ចៅហ្វាយ​អាច​ធ្វើ​បាន ​ដើម្បី​ទទួល​បាន​ជោគជ័យ​រួមគ្នា ៖

១. ផ្តល់​ភាពយុត្តិធម៌

ក្នុង​នាម​ជា​អ្នក​រួម​ការងារ​ជាមួយគ្នា​ យើង​តែង​ចង់​ដឹង​ឃើញ​មិត្ត​រួម​ការងារ​មាន​សមធម៌​និង​យុត្តិធម៌​។ លោកស្រី Mika Lissនៃ វិទ្យាស្ថាន COO ជា​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​មាន​ប្រសាសន៍​ថា “ នៅ​កន្លែង​ធ្វើការ​ យើង​ចង់​ឃើញ​ថា​ ទាំងអស់​គ្នា​ទទួល​ខុសត្រូវ ” ។ នៅ​ពេល​យើង​ទទួល​ខុសត្រូវ​ ហើយ​ឃើញ​ថា​អ្នក​ផ្សេង​ទៀត​ទទួល​ខុស​ត្រូវ​ដូចគ្នា​ នេះ​ក៏​ជា​ការ​​បំពេញ​នូវ​តម្រូវការ​របស់​យើង​ឲ្យ​មាន​អារម្មណ៍​ថា ​យើង​កំពុង​ធ្វើ​ដូច​ពួកគេ​ដែរ។

​ជា​ចៅហ្វាយ​ ត្រូវ​ជំរុញ​ភាព​យុត្តិធម៌​និង​វិជ្ជមាន ​ដើម្បី​ជួយ​មនុស្ស​ក្នុង​ក្រុម​ឲ្យ​ទទួល​បាន​ជោគជ័យ ​កាត់បន្ថយ​ការ​ច្រណែន​និន្ទា​គ្នា។

២. ទទួល​ខុស​ត្រូវ​រួមគ្នា

ការ​ទទួលខុសត្រូវ​មិនគ្រាន់​តែ​​ជា​ការ​ចង្អុល​បង្ហាញ​នៅ​ពេល​ដែល​មនុស្ស​មិន​ឈាន​ដល់​ការ​រំពឹង​ទុក​ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជា​ការ​ទទួលស្គាល់​នៅ​ពេល​ពួកគេ​មាន​ផង​ដែរ។

ចៅហ្វាយ​ត្រូវ​តែ​ធ្វើ​ឲ្យ​បុគ្គលិក​​ទទួលខុសត្រូវ​ចំពោះ​លទ្ធផលវិជ្ជមាន​របស់​ពួកគេ។ ត្រូវ​ប្រាកដ​ថា​ ចៅហ្វាយ​កំពុង​ផ្ដល់​មតិ​ត្រឡប់​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​បាន​ល្អ​ និង​បន្ថែម​លើ​អ្វី​ដែល​ពួកគេ​អាច​កែលំអ​បាន។

៣. ​ជួយ​មនុស្សក្នុងក្រុមឲ្យ​ជោគជ័យ

តាម​រយៈ​ការ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​​ភាពជា​អ្នកដឹកនាំ​ ក៏​អាច​ជំរុញ​ពួកគេ​ឲ្យ​ពិចារណា​ពី​តួនាទី​ផ្សេង​ទៀត​ប្រសិន​បើ​ចាំ​បាច់។ និយោជិក​អាច​មិន​សម​នឹង​តួនាទី​បច្ចុប្បន្ន​ ហើយ​មតិ​ប្រតិកម្ម​អាច​ជំរុញ​ពួកគេ​ឆ្ពោះ​ទៅ​រក​ការ​ស្វែងរក​ឱកាស​ដែល​សម​នឹង​ខ្លួន។

ប៉ុន្តែ​នៅ​ពេល​ដែល​មនុស្ស​ធ្វើ​មិន​បាន​ល្អ ​ពួកគេ​ច្រើន​តែ​ពិបាក​ទទួល​យក។ ក្នុង​ពេល​ដែល​កូន​ក្រុម​ពិបាក​ក្នុង​ការ​ស្ដាប់​យោបល់​អវិជ្ជមាន ​ការ​ជួយ​ពួកគេ​ឲ្យ​ដើរ​ទៅ​មុខ ​អាច​ផ្ដល់​អំណាច​បុគ្គលិក​​កាន់​តែ​ប្រសើរ​ រួម​ទាំង​ក្រុម​និង​អង្គភាព​ទាំងមូល។

៤. បង្កើត​ការ​យកចិត្តទុកដាក់​លើ​បុគ្គលិក

សមាជិក​ក្រុម​យកចិត្តទុកដាក់​ចំពោះ​ការងារ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ដឹង​ច្បាស់​ថា​អ្នកណា​កំពុង​ធ្វើអ្វី។ ចំណែក​មេ​មាន​តួនាទី​ថែរក្សា​យកចិត្តទុកដាក់​សមាជិក​ក្រុម​ឲ្យ​បាន​ល្អ ​និង​តាមដាន​រាល់​កិច្ច​ការងារ​របស់​ពួកគេ​ឲ្យ​ទៀងទាត់។

ការទទួលខុសត្រូវ​​ក្នុង​នាម​ជា​ចៅហ្វាយ ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ សម្រាប់​ក្រុម អង្គភាព ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​រួមគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម