ផ្ទៃដីជាង ២ ពាន់គីឡូម៉ែត្រ ត្រូវចំណាយថវិកា ជាង ៣០០ លានដុល្លារ សម្រាប់បោសសំអាតមីន
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ផ្ទៃដីជាង ២ ពាន់គីឡូម៉ែត្រ ត្រូវចំណាយថវិកា ជាង ៣០០ លានដុល្លារ សម្រាប់បោសសំអាតមីន

បានផុស

នៅ

ថវិកាប្រមាណជាង ៣០០ លានដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាល និងការឧបត្ថម្ភពីបរទេស បានប្រើប្រាស់សម្អាតមីនលើផ្ទៃដីប្រមាណ ២.២០០ គីឡូម៉ែត្រក្រឡា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង ១៨០​លាន​ដុល្លារ និង​មានការ​ឧបត្ថម្ភ​ពី​បរទេស​ជាង ២០០ លាន​ដុល្លារ ដើម្បី​បោសសម្អាត​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​កាកសំណល់​ពី​សង្គ្រាម នា​រយៈកាល​កន្លងមក នឹង​មកទល់​បច្ចុប្បន្ននេះ​ កម្ពុជា​បាន​បោសសម្អាត​រំដោះ​ផ្ទៃដី​បាន​ប្រមាណ ២.២០០ គីឡូម៉ែត្រ​ក្រឡា។​

​ក្នុងឱកាស​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​កម្លាំង​ប្រតិបត្តិ​ការ​ជួរមុខ នៃ​កងឯកភាព បោសសម្អាត​មីន ទី​២ នៅ​មណ្ឌល​អភិវឌ្ឍន៍​ស៊ីម៉ាក់​មរតក​តេ​ជោ ​ខេត្ដ​បាត់ដំបង​នា​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ឃុំ​ដូន​បារ ស្រុក​គាស់ក្រឡ ខេត្ដ​បាត់ដំបង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា​បាន​មានប្រសាសន៍ថា បំណងប្រាថ្នា​របស់​រាជ​រដ្ឋាភិបាល​គឺ​បាន​បោសសម្អាត​កាកសំណល់​ជាតិ​ផ្ទុះ​យក​ដី​ប្រគល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រើប្រាស់​បង្កបង្កើនផល ទៅតាម​តម្រូវការ។ ឯកឧត្ដម​បន្តថា «​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ជាង ១៨០លានដុល្លារ ដើម្បី​ផ្ដល់ជូន​សម្រាប់​បោសសម្អាត​គ្រឿង​យុទ្ធភណ្ឌ កាកសំណល់​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម ហើយក៏​មានការ​ឧបត្ថម្ភ​ពី​បរទេស​នូវ​ថវិកា​ជាង ២០០ លាន​ដុល្លារ​ផងដែរ​»​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្នុងនោះ​ថវិកា​ជាង ៣០០ លានដុល្លារ ដែល​ទទួលបាន ត្រូវបាន​ប្រើប្រាស់​ក្នុង​ប្រតិប​ត្ដិ​ការ​បោសសម្អាត​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កាកសំណល់​ពី​សង្គ្រាម​បាន​ចំនួន​ដី​ទូទាំងប្រទេស​កម្ពុជា​ប្រមាណ ២ ២០០​គីឡូម៉ែត្រ​ក្រឡា ខណៈ​កម្ពុជា​នៅសល់​ដី​ប្រមាណ​ជាង ២ ០០០​គីឡូម៉ែត្រ​ក្រឡា ​ដែល​មិនទាន់បាន​សំអាត​មីន​ដែល​ក្នុងនោះ​មាន​គ្រាប់មីន ៨០០​គីឡូម៉ែត្រ​ក្រឡា គ្រាប់បែក​ចង្កោម ៧០០​គីឡូម៉ែត្រ​ក្រឡា និង​ប្រភេទ​ផ្សេងៗ​ទៀត​ជា​កាកសំណល់​សល់​ពី​សង្គ្រាម ហើយ​សម្រាប់​ថវិកា​សម្រាប់​បោសសម្អាត​មីន​កម្ពុជា​ត្រូវការ​ប្រមាណ ៣០០ លាន​ដុល្លារ បន្ថែមទៀត​ផងដែរ​។​

​ឯកឧត្ដម​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ ដែលជា​ម្ចាស់ជំនួយ​ក្នុងនោះ​មាន​ប្រទេស​អូស្ដ្រាលី UNDP​ដែល​បាន​ចុះមក​ទស្សនា​ផ្ទាល់ រួមទាំង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​អង្គការ CMAC ដែលជា​ប្រតិ​ប​ត្ដិករ​ដ៏​ឆ្នើម​មានបទពិសោធន៍​ខ្ពស់​ មិនមែន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺ​ទូទាំង​ពិភពលោក​តែម្ដង ។​

​ក្នុងឱកាស​នេះ​ផងដែរ​លោក សុខ លូ អភិបាលខេត្ដ​បាត់ដំបង​ក៏បាន​ថ្លែងថា «​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន​ខេត្ដ នឹង​ប្ដេជ្ញា​ចូលរួម​សហការ​ជាមួយ​អង្គការ CMAC ដែលជា​ប្រតិ​ប​ត្ដិករ​សម្អាត​មីន​ដ៏​សំខាន់ នៅ​គ្រប់ពេលវេលា គ្រប់​អ្វីដែល​អាច​សហការ​បាន​» ។​ លោក​អភិបាលខេត្ដ​ក៏បាន​ថ្លែងអំណរគុណ​ទៅកាន់​ប្រទេស​ ដែល​ជា​ម្ចាស់​ជំនួយ​ឧបត្ថម​មកកាន់​ប្រទេស​កម្ពុជា​នូវ​ថវិកា​ដើម្បី​បោសសម្អាត​មីន ដូចជា​ប្រទេស​អូស្ដ្រាលី UNDP និង​ប្រទេស​ជាច្រើន​ទៀតផង​ដែរ​។

​លោក​អភិបាលខេត្ដ​ ក៏បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ថា បើសិនជា​បាន​ទៅកាន់​តំបន់​ណា​ដែល​មិន​ច្បាស់លាស់ តំបន់​ដែល CMAC ដាក់​ជា​តំបន់​ហានិភ័យ សូមមេត្តា​កុំ​ចូលទៅ​កាន់​តំបន់​នោះ​ព្រោះ​នឹង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់ បើសិនជា​បានឃើញ ឬ​ជួប​តំបន់​ណា​ដែលមាន​ការសង្ស័យ​សូមឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ឃុំ ស្រុក ខេត្ដ ដើម្បី​សហការ​រាយការណ៍​បន្ត​ទៅកាន់ CMAC ឱ្យ​ចុះមក​សម្អាត​យក​ដី​ប្រើប្រាស់​តាម​តម្រូវការ​ផងដែរ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services