សន្តិសុខសង្គម
សួនច្បារតាមមាត់ទន្លេមានលក្ខណៈល្អប្រសើរក្រោយអាជ្ញាធរចុះរៀបចំជាប្រចាំ ខណៈភ្ញៀវទេសចរតែងមកកម្សាន្ដស្រូបខ្យល់អាកាស
ទិដ្ឋភាពនៅលើសួនច្បារមាត់ទន្លេ នៅខាងមុខព្រះបរមរាជវាំង បរិស្ថានអនាម័យ ឮសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ហាក់មានភាពល្អប្រសើរ ដោយឃើញភ្ញៀវជាតិ ជាពិសេសភ្ញៀវអន្តរជាតិតែងមកដើរកម្សាន្ត ធ្វើលំហាត់ប្រាណ នាំគ្នាថតរូបលេង ដោយអារម្មណ៍សប្បាយរីករាយក្នុងការស្រូបយកខ្យល់បរិសុទ្ធ។

សួនច្បារមាត់ទន្លេដែលគិតចាប់ពីមុខផ្សាររាត្រី រហូតទៅដល់មុខព្រះរាមរាជវាំង ដែលអាជ្ញាធរខណ្ឌដូនពេញបានធ្វើការកែលម្អរៀបចំសណ្ដាប់ធ្នាប់បរិស្ថានអនាម័យឲ្យមានរបៀបរៀបរយទាំងអ្នកលក់ និងមានចំណតចតឲ្យបានត្រឹមត្រូវសម្រាប់អ្នកមកលេងកម្សាន្ត មិនឲ្យមានការកកស្ទះ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលតែងមកកម្សាន្តនៅមុខព្រះបរមរាជវាំង ជាពិសេសនៅលើសួនច្បារតាមមាត់ទន្លេ ដោយសារតែទីតាំងនេះមានភាពទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធ មានបំពាក់ឧបករណ៍ហាត់ប្រាណសម្រាប់ក្មេងនិងមនុស្សចាស់។ បន្ថែមទៀតនោះក៏ឃើញមានភ្ញៀវជាតិ ភ្ញៀវអន្តរជាតិជាច្រើនមកអង្គុយលេង និងដើរហាត់ប្រាណតាមសួនច្បារស្របមាត់ទន្លេជាហូរហែផងដែរ។

លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ ទទួលបន្ទុកការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ទុកថា ការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាននោះជាមូលដ្ឋានគ្រឹះសម្រាប់ខណ្ឌដូនពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តដូចជាការហាត់ប្រាណតាមសួនច្បារនានា។ ពិតណាស់ការរៀបចំសណ្តាប់ធ្នាប់ពិតជាមានការប្រឈមខ្លះជាមួយអ្នកលក់ដូរលើចិញ្ចើមផ្លូវ អ្នករត់ម៉ូតូកង់បីដែលចតគ្មានរបៀបរៀបរយនៅលើទ្រូងផ្លូវ។

លោកបន្ថែមថា បើមិនរៀបចំទេ នឹងមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរថ្មើរជើង អ្នកធ្វើដំណើរឆ្លងកាត់តំបន់មាត់ទន្លេ បង្កអោយមានការស្ទះចរាចរណ៍។ ជាក់ស្តែងសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង ប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្ត តែងតែបាចចំណីព្រាប រប៉ាត់រប៉ាយ និងពេលមានព្រាបសុីជុះសុីជុះ នាំឲ្យមានក្លិនឆ្អេះឆ្អាប ធ្វើអោយខាងអាជ្ញាធរលំបាកនឹងហាមឃាត់ ហើយប្រជាពលរដ្ឋមួយចំនួនតូចបន្ទោរបង់តាមច្រាំងទន្លេ តាមដើមឈើ តាមគុម្ពព្រៃជាដើម។ ចំណុចនេះប្រជាការពារខណ្ឌ ក៏បានចុះទៅបាញ់សម្អាតតាមផ្លូវ និងសួនច្បារជាប្រចាំ ហើយបានណែនាំផ្សព្វផ្សាយទៅដល់អាជីវករ និងពលរដ្ឋដែលមកលេងកម្សាន្តជាប្រចាំ តែចំពោះពលរដ្ឋដែលមកកម្សាន្តទៀតមិនធ្លាប់ដឹង ក៏ត្រូវផ្សព្វផ្សាយបន្តថែមទៀត។

បន្ថែមពីនេះ លោក ចាប ឌីណា ក៏បានសំណូមពរចំពោះប្រជាពលរដ្ឋដែលមកលេងកម្សាន្ត និងអាជីវករលក់ដូរតាមសួនច្បារមាត់ទន្លេ សូមមេត្តាជួយថែរក្សាបរិស្ថានអាម័យសារធារណៈទាំងអស់គ្នា ដើម្បីអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តប្រទេសយើងកាន់តែច្រើន។ ជាពិសេសនោះ តាមសួនច្បារស្របមាត់ទន្លេនៅតាមបង់អង្គុយនីមួយៗមានធុងសំរាមដាក់ពង្រាយតាមសួនច្បារជាច្រើនសម្រាប់ឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕
អត្ថបទ និងរូបភាព៖ ហេង អុឹងម៉េង និង រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


