សន្តិសុខសង្គម
មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវលុបចេញជាបន្ទាន់
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានស្នើឱ្យទំព័រហ្វេសប៊ុក តិកតុក ឬវេទិការណាដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតទាក់ទិននឹងស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្តតាកែវ សូមលុបចេញ ឬធ្វើការកែតម្រូវភ្លាមៗដើម្បីជៀសវាងកុំឱ្យសាធារណជនមានការភាន់ច្រឡំធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី១១ធ្នូ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានឱ្យដឹងថាមជ្ឈមណ្ឌលបានសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមធ្វើការបកស្រាយ និងបំភ្លឺចំពោះព័ត៌មាន
ដែលបានបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះ Hea Ra កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដែលមានខ្លឹមសា « HIV- មេរោគអេដស៍កំពុងកើនឡើងខ្លាំង TOP1 ព្រះសីហនុ TOP2 តាកែវ។ បង្កើនការប្រុងប្រយ័ត្ន៧០០០០នាក់ផ្ទុក៧០០០ពាន់នាក់រត់គិចមិនទទួលការព្យាបាល»។
មជ្ឈមណ្ឌលអេដស៍បានបន្តថា ព័ត៌មានដែលបានចុះផ្សាយខាងលើនេះ មិនពិត ខ្វះមូលដ្ឋានច្បាស់លាស់ និងបានបង្កឱ្យមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ខ្លឹមសារបំភាន់នេះ បានឈានទៅដល់ការបង្កើតវីដេអូ ប្រតិកម្ម
ដែលបង្ហាញពីការព្រួយបារម្ភហួសហេតុអំពីស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងខេត្តតាកែវ។

ទោះបីជាម្ចាស់គណនីបានកែតម្រូវខ្លឹមសារនៃការបង្ហោះជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានទំព័រហ្វេសប៊ុកជាច្រើនបន្តផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតខាងលើ ដោយមិនបានផ្ទៀងផ្ទាត់ការពិតពីអ្នកជំនាញគ្រប់គ្រងទិន្នន័យដែលមានសមត្ថភាព ជាអ្នកផ្តល់សេវាក្នុងការបង្ការ ថែទាំ និងព្យាបាល មេរោគអេដស៍ និងជំងឺអេដស៍។ ព័ត៌មានមិនពិតដែលកំពុងត្រូវបានបន្តផ្សព្វផ្សាយនេះ ធ្វើឱ្យមានការភាន់ច្រឡំទាក់ទងនឹងករណីជំងឺអេដស៍នៅខេត្តតាកែវ។
មជ្ឈមណ្ឌលអេដស៍បានបន្តទៀតថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តតាកែវ អ្នកដែលកំពុងរស់នៅជាមួយមេរោគអេដស៍ កំពុងទទួលការបង្ការថែទាំ និងការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍មានសរុបចំនួន ២ ៨១៤ នាក់ ក្នុងនោះស្ត្រីមានចំនួន ១ ៥៣៥ នាក់។ ដោយឡែកមានអ្នកជំងឺត្រឹមតែ ១៤ នាក់ប៉ុណ្ណោះដែលបានចាក ចេញពីសេវាជាបណ្តោះអាសន្ន និងកំពុងកិច្ចខិតខំប្រឹងប្រែងតាមដាន ទំនាក់ទំនងដើម្បីនាំពួកគាត់វិលត្រឡប់មកសេវាថែទាំ និងព្យាបាលវិញ។

មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សូមធ្វើការ បដិសេធ និងច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានណាដែលមិនពិត
គ្មានមូលដ្ឋានច្បាស់លាស់ និងសូមសំណូមពររាល់ទំព័រហ្វេសប៊ុក តិកតុក ឬវេទិការណាដែលបានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតនេះ សូមលុបចេញ ឬធ្វើការកែតម្រូវភ្លាមៗ។ សូមសាធារណជនមេត្តាជៀសវាង ក្នុងការជឿ
ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។
មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានអំពាវនាវឱ្យប្រជាជនក្រុមប្រជាជនប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ យុវវ័យត្រូវប្រកាន់ភ្ជាប់នូវផ្នត់គំនិត និងឥរិយាបថវិជ្ជមាន ក្នុងការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរីករាលនៃមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍
តែអេដស៍ពុំភ្លេចយើងឡើយ» និងបើបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ ចូលប្រញាប់រួសរាន់ទៅស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងគន្លងផ្លូវក្នុងការឈានទៅសម្រេចបានគោលដៅសកល ៩៥%-៩៥%-៩៥% មានន័យថា ៩៥%នៃអ្នកដែលមិនបានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពនៃមេរោគអេដស៍របស់ខ្លួន,៩៥% នៃបានដឹងខ្លួនថាផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, និង៩៥%នៃអ្នកដែលបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប (Viral Suppressed)។ ជាលទ្ធផលនៅឆ្នាំ២០២៣ យើងសម្រេច បាន ៨៩% នៃ៩៥%ទី១, ៩៨%នៃ៩៥ទី២ និង
៩៨%នៃ៩៥% ទី៣។
ទន្ទឹមនឹងភាពជោគជ័យដែលសម្រេចបាននេះ មេរោគអេដស៍នៅមិនទាន់ឈានដល់គោលដៅនៃការលុបបំបាត់បានទាំងស្រុងពីប្រទេសកម្ពុជានោះទេ។ ក្នុងឆ្នាំ២០២៣ យើងមានអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៧៦ ០០០នាក់ ក្នុងនោះ ៦៩ ៤១៣ នាក់ កំពុងទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ដូចនេះមានអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណជា ៧ ០០០នាក់ ដែលមិនទាន់ដឹងខ្លួនថា ផ្ទុកមេរោគអេដស៍ ហើយមិនទាន់ទទួលបានសេវាព្យាបាល។ ម៉្យាងទៀត នៅឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីនៃមេរោគអេដស៍ចំនួន ១២០០០ នាក់ ក្នុងនោះ ៨៦% គឺស្ថិតក្នុងចំណោមប្រជាជនចំណុច និងដៃគូរួមភេទរបស់ពួកគាត់។ ក្រុមប្រជាជនចំណុច ត្រូវបាន ចាត់ទុកថា ជាក្រុមដែលមានការប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ រួមមាន ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំលែងភេទជាស្ត្រី ក្រុមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


