Connect with us

សន្តិសុខសង្គម

អាវុធហត្ថសៀមរាប ឃាត់ខ្លួនក្មេងទំនើង ២ នាក់ ដកហូតម៉ូតូ ២ គ្រឿង កែច្នៃខុសបច្ចេកទេស រក្សាទុក ៣ ខែ

បានផុស

នៅ

ក្មេង​ទំនើង​ចំនួន ២ នាក់ ដែល​កែច្នៃ​ម៉ូតូ​ខុស​បច្ចេកទេស ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​ម៉ូតូ ២ គ្រឿង រក្សាទុក​រយៈពេល ៣ ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ២០ និង ៣៩ នាទី ថ្ងៃ​ទី ២០ ខែ​សីហា ឆ្នាំ ២០២៥ ថ្មីៗ នេះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ក៏​ប្រទះ​ឃើញ​ក្មេង​ទំនើង​ចំនួន ២ នាក់ កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស ដោយ​ស៊ី​ម៉ាំង​ឮ​ខ្លាំង បង្ក​ការ​រំខាន​តាម​ផ្លូវ​សាធារណៈ ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សង្គម នៅ​ចំណុច​ស្ពាន​រោក​រាក ស្ថិត​នៅ​ភូមិ​មណ្ឌល ៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ភ្លាមៗ នោះ កម្លាំង​ល្បាត​កងរាជ​អាវុធហត្ថ​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង ២ នាក់ នោះ នាំ​យក​ទៅ​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ដើម្បី​ធ្វើការ​អប់រំ និង​ដាក់​វិន័យ​រដ្ឋបាល ព្រមទាំង​ដកហូត​ម៉ូតូ ២ គ្រឿង រក្សាទុក​រយៈពេល ៣ ខែ ផង​ដែរ។

សូម​រម្លឹក​ផង​ដែរ​ថា កន្លងមក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់។ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​ជិះ​ម៉ូតូ​កែច្នៃ​ខុស​បច្ចេកទេស​ស៊ី​ម៉ាំង​ឮ​ខ្លាំង​នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សាទុក​រយៈពេល ៣ ខែ ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី ១ និង ៦ ខែ ប្រសិន​បើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី ២ បន្ត​ទៀត៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម