Connect with us

កីឡា

កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង មួយរូប​ថា​បាន​លេង​ជាមួយ​ឈុត​ធំ ទទួល​បាន​បទពិសោធ​ន៍​ទាំងពី​គ្រូ​បង្វឹក និង​រៀមច្បង

បានផុស

នៅ

កីឡាករ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏ដូចជា U-23 កម្ពុជា ជូ ស៊ី​នទី បានចាត់ទុក​ការ​បាន​លេង​នៅ​ឈុត​ធំ ធ្វើ​ឲ្យ​ខ្លួន​ទទួលបាន​បទពិសោធន៍​ពី​គ្រូ និង​រៀមច្បង​។

​ជូ ស៊ី​នទី បានបង្ហាញ​ខ្លួន ២​ប្រកួត​ជាមួយ​ជម្រើសជាតិ​កម្ពុជា​ឈុត​ធំ ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ពូ​ល D នៅ​ប្រទេស​ឥណ្ឌា​។

កីឡាករ​វ័យ ១៩​ឆ្នាំ​រូបនេះ បាន​និយាយថា «​ការ​បាន​មកលេង​ជាមួយ​ឈុត​ធំ ជា​រឿង​ដ៏​ល្អ​ខ្លាំង​ពីព្រោះ​បាន​បទពិសោធន៍​ច្រើន​ពី​បងៗ និង​គ្រូបង្វឹក​នៅទីនេះ​។ វា​អាច​ជា​រឿង​ដ៏​ល្អ​ច្រើន សម្រាប់​ការប្រកួត​ផ្សេងៗ​នៅពេល​ខាងមុខ​»​។

​ស៊ី​នទី ក៏​មាន​អាយុ​គ្រប់​លក្ខខណ្ឌ​ដើម្បី​ចូលរួម​ប្រកួត​ផងដែរ (​អាយុ​ក្រោម ២៣​ឆ្នាំ​)​។ រូបគេ​បានចាត់ទុក​ស៊ី​ហ្គេម ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​ជា​ក្ដី​ស្រមៃ​ក្នុងការ​ចូលរួម ប៉ុន្តែ​ក៏​មិន​ហ៊ាន​ដាក់​ក្ដី​រំពឹង​ខ្ពស់​ថា នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ក្រុម​។ យ៉ាងណាមិញ​គេ​រំពឹងថា ការ​មានឱកាស​ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ គឺជា​កត្តា​ជំរុញ​អាច​ឲ្យ​គេ​ឈានដល់​កម្រិត​ណាមួយ​។ «​ស៊ី​ហ្គេម គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា និង​ជា​ក្ដី​ស្រមៃ​សម្រាប់​កីឡាករ​គ្រប់រូប ហើយ​ធ្វើឡើង​ក្នុងស្រុក​ទៀត​។ ខ្ញុំ​មិនដឹង​ពេល​ខាងមុខ​ទៅជា​យ៉ាងណាទេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​មានឈ្មោះ​លេង​ស៊ី​ហ្គេម​នៅក្នុង​ស្រុក​។​»

គួរ​បញ្ជាក់ថា ជូ ស៊ី​នទី មាន​ស្រុកកំណើត​នៅ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើម​លេង​បាល់​ដំបូង​នៅ​អំឡុង​ឆ្នាំ​២០១៣ ដោយបាន​ចូល​ហាត់​ជាមួយ​ក្រុម​មួយ​នៅ​ជិត​ស្រុកកំណើត ប៉ុន្តែ​ហ្វឹកហាត់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​។

បន្ទាប់មក រូបគេ​ក៏បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វ៊ិ​ច​តូ​រី​យ៉ា​ប៉ោយប៉ែត (Victory Poi Pet FC)​។ លុះ​ចូលដល់​ឆ្នាំ​២០១៦ ស៊ី​នទី បានធ្វើ​តេស្ត​ជាប់​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី និង​បានទទួល​ការហ្វឹកហាត់​កម្រិត​អាជីព​មួយកម្រិត​ទៀត​។ រហូតដល់​ឆ្នាំ​២០២១ រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ ព្រះខ័ន​រាជ​ស្វាយរៀង រហូតដល់​បច្ចុប្បន្ន​៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម