Connect with us

កីឡា

ណាហ្គាវើលដ៍បេះដូងសប្បុរស អបអរភាពជោគជ័យនៃការបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់យុវជន

បានផុស

នៅ

​បន្ទាប់ពី​បានបញ្ចប់​ដោយ​ជោគជ័យ​នៃ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បង្ហាត់កីឡា​បាល់ទាត់​កម្រិត ‘​គ​’ សម្រាប់​គ្រូ​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ ពិធី​ប្រគល់​វិញ្ញាបនបត្រ ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​មន្ទីរអប់រំយុវជន និង​កីឡា​ក្នុង​ខេត្តកំពង់ស្ពឺ​។

កញ្ញា យ៉ុន យ៉ើន កីឡាការិនីជម្រើសជាតិនារីអនុវត្តការតែតបាល់ជាមួយអតីតគ្រូកីឡានៃសាលាបឋមសិក្សាត្រពាំងត្រោកលោកគ្រូ ម៉ី សុជាតិ ដែលបច្ចុប្បន្នគាត់ជាគ្រូបង្វឹកក្រុមបាត់ទាល់នារីខេត្តកំពង់ស្ពឺ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់កម្រិត ‘គ’ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ ដើម្បី​ជួយ​លើកកម្ពស់​កម្រិត​បង្ហាត់​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​។

​ពិធី​នោះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ លោក Ohara Kazunori នាយក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក ឡៃ សុធា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ចូលរួម​ក្នុង​ពិធី​នោះដែរ មាន​លោក ឃួន ឡា​បូ​រ៉ាវី ជំនួយការ​គ្រូបង្វឹក​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មន្ត្រី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​គ្រូ​កីឡា​ខេត្តកំពង់ស្ពឺ​។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បង្ហាត់​បាល់ទាត់​កម្រិត ‘​គ​’ គឺជា​កម្មវិធី​ថ្មី​បំផុត​នៃ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​។ ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០១៨ គំនិត​ផ្តួចផ្តើម​នេះ បានផ្តល់​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ជាង ៥៩.៥០០ នាក់​គិត​មកដល់​បច្ចុប្បន្ន​។

លោក ឡៃ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងសុន្ទរកថាអមដោយលោក ថន ថាវិន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ និងលោក Ohara Kazunori នាយកបច្ចេកទេសនៃសហព័ន្ទកីឡាបាល់ទាត់កម្ពុជា

កម្មវិធី​នេះ បានចាប់ផ្តើម​ជាមួយនឹង​វគ្គ​បង្ហាត់​កម្រិត​មូលដ្ឋាន​កម្រិត ‘​ឃ​’ ដោយមាន​ការចូលរួម​ពី​គ្រូ​កីឡា ១២០ នាក់​មកពី​វិទ្យាល័យ និង​អនុវិទ្យាល័យ ៩៣ ក្នុង​ខេត្តកំពង់ស្ពឺ​។ បន្ទាប់មក ជំនាញ​បង្ហា​ត់របស់​ពួកគេ ត្រូវបាន​ធ្វើតេស្ត​តាមរយៈ​ការប្រកួត​បាល់ទាត់​យុវជន​ខ្នាត​តួច​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​បាន​រៀបចំឡើង​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ សិស្សានុសិស្ស​ប្រុស​ស្រី​ប្រមាណ ៦០០ នាក់ បានបញ្ចប់​ការប្រកួត​រយៈពេល ៤ ថ្ងៃ និង​បានបង្ហាញ​ជំនាញ​លេង​បាល់​របស់​ពួកគេ​បន្ទាប់ពី​ទទួលបាន​ចំណេះដឹង​ពី​គ្រូបង្ហាត់​។ បន្ទាប់មក សមត្ថភាព​បង្ហាត់ ត្រូវបាន​វាយតម្លៃ ហើយ​គ្រូ​កីឡា ១៤ នាក់​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាងគេ ត្រូវបាន​ជ្រើសរើស​ដើម្បី​បន្តទៅ​វគ្គ​បណ្តុះបណ្តាល​កម្រិត ‘​គ​’ រួមទាំង​គ្រូ​កីឡា ៦ នាក់​មកពី​អង្គការ​ផ្តា​យ​សមុទ្រ​។ ដឹកនាំ​ដោយ​គ្រូ​បច្ចេកទេស​លោក Ohara វគ្គ​បណ្តុះបណ្តាល​រយៈពេល ២ សប្តាហ៍​នេះ បានផ្តល់​បច្ចេកទេស​បង្ហាត់​កីឡាបាល់ទាត់​កម្រិត​ខ្ពស់​ដើម្បី​ឲ្យ​គ្រូ​កីឡា​ទទួលបាន​ការបង្ហាត់​ក​ម្រិ​ត​អាជីព​។ គ្រូ​កីឡា បាន​រៀន​ពី​របៀប​រៀបចំ​ផែនការ​ក្រុម និង​ផ្តល់​ការបង្ហាត់​ដល់​សិស្ស​របស់​ពួកគេ​ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ដ៏​មាន​សក្តានុពល​សម្រាប់​អនាគត​។ គ្រូ​ដែល​បានបញ្ចប់​វគ្គ​ដោយ​ជោគជ័យ បានទទួល​វិញ្ញាបនបត្រ​ផ្លូវការ​កម្រិត ‘​គ​’ ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​។

​នៅក្នុង​ពិធី​នោះ គណៈអធិបតី ៣ រូប បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកចូលរួម​។ លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា “​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់រ​បស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ ដែល​បាន​ជួយ​បង្កើន​ជំនាញ​បង្ហាត់កីឡា​បាល់ទាត់​ដល់​គ្រូ​កីឡា និង​ជួយ​ដល់​សិស្សានុសិស្ស​របស់​យើង​។ ខ្ញុំ​ពេញចិត្ត​យ៉ាងខ្លាំង​ដែល​អាច​ស្វែងរក​កីឡាករ​-​កីឡាការិនី​បាល់ទាត់​វ័យក្មេង​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​នៅក្នុង​ខេត្តកំពង់ស្ពឺ​។ វា​បាន​ជួយ​បង្កើន​សមត្ថភាព និង​ចំណេះដឹង​ដល់​ពួកគេ​រហូតដល់​ពួកគេ​ត្រូវបាន​ជ្រើសរើស​ចូលក្នុង​ជម្រើសជាតិ​យុវជន​”​។

​ចំណែក​លោក Ohara នាយក​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​គ្រូ​កីឡា​ដែល​បាន​ចំណាយពេល​ផ្ទាល់ខ្លួន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល និង​អបអរសាទរ​ដល់​គ្រូ​ដែល​ទទួលបាន​វិញ្ញាបនបត្រ​កម្រិត ‘​គ​’​។ គាត់​សង្ឃឹមថា ពួកគេ​នឹង​ប្រើ​ចំណេះដឹង និង​ជំនាញ​ដែល​ពួកគេ​បាន​រៀន​ពី​វគ្គ​បណ្តុះបណ្តាល​ទៅ​បង្ហា​ត់ដល់​សិស្ស​របស់​ពួកគេ រួមទាំង​ទ្រឹស្តី និង​ការអនុវត្ត​។ គាត់​ចង់ឃើញ​សិស្ស​កាន់តែច្រើន​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​នេះ និង​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​បន្ថែម និង​ក្លាយជា​ក្តីសង្ឃឹម​សម្រាប់​ប្រទេសជាតិ​។

​លោក ឡៃ សុធា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា “​តាងនាម​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ដែល​បាន​ផ្តួចផ្តើម​កម្មវិធី​នេះ​ដែល​បង្កើត​ឲ្យ​មាន​គ្រូ​កម្រិត ‘​ឃ​’ និង ‘​គ​’​។ គ្រូ​កីឡា ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការជួយជ្រោមជ្រែង​អភិវឌ្ឍ​កីឡា​កម្រិត​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​កម្មវិធី​នេះ យើង​មាន​សេចក្តី​រីករាយ​ដែល​ពួកគេ​អាច​បណ្តុះបណ្តាល​សិស្ស​របស់​ពួកគេ​ក្នុង​កម្រិត​អាជីព​។ ជា​រឿង​ដ៏​ប្រពៃ​ដែល​យើង​អាច​ផលិត​បាន​កីឡាករ​-​កីឡាការិនី​វ័យក្មេង​ចេញពី​ខេត្តកំពង់ស្ពឺ​”​។

គ្រូកីឡានៅក្នុងពិធីប្រគល់វីញ្ញាបនបត្របង្ហាត់កីឡាបាល់ទាត់កម្រិត”គ”នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ

​គួរ​ដឹងផង​ដែរ​ថា ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ដ៏​មាន​កិត្យានុភាព​ជាច្រើន រួមមាន ពានរង្វាន់​ប្រាក់ Stevie® ក្នុង​ឆ្នាំ​២០២១ និង​ពានរង្វាន់ Stevie® សំរឹទ្ធិ​ក្នុង​ឆ្នាំ ​២០២០ សម្រាប់​កម្មវិធី​ការងារ​សង្គម​ឆ្នើម​ប្រចាំឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ ព្រមទាំង​ពានរង្វាន់​សហគ្រាស​មាន​ទំនួល​ខុសត្រូវ​ប្រចាំ​ទ្វីបអាស៊ី​ក្នុង​ផ្នែក​លើកស្ទួយ​សង្គម​ក្នុង​ឆ្នាំ​២០១៩ ផងដែរ​។​

​គួរ​បញ្ជាក់ថា​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ក្នុង​ខែមីនា ឆ្នាំ ២០១៤ ដោយ​បុគ្គលិក​ដែលមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ដើម្បី​លើកកម្ពស់​ការធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ដោយ​ផ្តោតទៅលើ​សសរស្តម្ភ​សំខាន់ ៤ គឺ​ការលើកកម្ពស់​វិស័យ​អប់រំ ការផ្សារភ្ជាប់​ជាមួយ​សហគមន៍ ការអភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​។ មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ៤៥៤.០០០ នាក់​បានទទួល​ប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម